(សៀមរាប)៖ មន្រ្តីជំនាញផ្នែកផ្លូវថ្នល់មកពីនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យលើកំណាត់ផ្លូវមិត្តភាព-កូរ៉េ ក្នុងគោលបំណងសិក្សាគុណភាពផ្លូវដែលកំពុងជួសជុល ដើម្បីដឹងថាតើក្រុមហ៊ុនម៉ៅការនេះអនុវត្តបានត្រឹមត្រូវតាមបទដ្ឋាន ដែលអាជ្ញាធរជាតិអប្សរាបានកំណត់ និងផ្តល់ជូនឬអត់។
ក្នុងការចុះត្រួតពិនិត្យនេះឃើញថា សមស្រមតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ រួមទាំងបានពិសោធន៍ទម្ងន់ផ្លូវ ដើម្បីធានាថាគ្រឹះថ្មផ្លូវមានភាពរឹងមាំ ធានាការប្រើប្រាស់បានយូរអង្វែង និងគ្មានបញ្ហាខូចខាតពេលរថយន្តធុនធំឆ្លងកាត់។
ក្នុងករណីរកឃើញថា ក្រុមហ៊ុនមិនបានធ្វើគ្រប់តាមបទដ្ឋានដែលបានកំណត់ទេនោះ ភាគីក្រុមហ៊ុននឹងត្រូវរកវិធីសាស្រ្តថ្មី ដើម្បីពង្រឹងកម្រិតកំហាប់នៃស្រទាប់គ្រឹះថ្មឡើងវិញ។ បន្ទាប់ពីត្រួតពិនិត្យឃើញថាត្រូវត្រូវហើយ នឹងមានការអ៊ុតកៅស៊ូពីរង្វង់មូលព្រៃគុយដល់រង្វង់មូលកូនដំរី។
អំឡុងពេលជួសជុល អាជ្ញាធរជាតិអប្សរាបានសុំការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងអ្នកដំណើរចំពោះការរំខាន ធូលីដីហុយ និងប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា ជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយ និងចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ទើបផ្លូវថ្នល់អាចគង់វង្សអាចប្រើប្រាស់បានយូរអង្វែង៕