(ភ្នំពេញ)៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលបានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី «ប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩» កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកអ្នកនាំពាក្យរដ្ឋសភាដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានចាត់ទុកការអនុម័តសេចក្តីព្រាងច្បាប់នេះ ជាការដើរផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងដែលកម្ពុជា និងអាមេរិក កំពុងប្រកាន់យក ក្នុងការលើកកម្ពស់ភាពជាដៃគូគ្រប់វិស័យ ដោយផ្អែកលើផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមក។
ក្នុងសេចក្តីថ្លែងការណ៍នេះ បានគូសបញ្ជាក់ទៀតថា ថ្វីត្បិតតែមានសម្ពាធដ៏អយុត្តិធម៌ និងការដាក់ទណ្ឌកម្មជាឯកតោភាគីពីសំណាក់សហរដ្ឋអាមេរិកក្តី ក៏រាជរដ្ឋាភិបាលកម្ពុជាបានជ្រើសយកអភិក្រមវិជ្ជមានប្រកបដោយភាពស្មោះត្រង់ ក្នុងបំណងបន្តកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើគ្រប់វិស័យ។
អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានអំពាវនាវឱ្យសភាសហរដ្ឋអាមេរិក ពិចារណាឡើងវិញ ឱ្យបានម៉ត់ចត់ ចំពោះការប្រកាន់ជំហរលំអៀង ដែលមានភាពអយុត្តិធម៌ចំពោះកម្ពុជា ដែលកំពុងតែប្តេជ្ញាចិត្តអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។
អ្នកនាំពាក្យរដ្ឋសភា ក៏បានគាំទ្រទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ ឆ្លើយតបទៅនឹងការសម្រេចរបស់រដ្ឋសភាតំណាងរាស្ត្ររបស់អាមេរិកផងដែរ។
សូមបញ្ជាក់ថា សភាតំណាងរាស្ត្ររបស់អាមេរិក បានអនុម័តច្បាប់មួយស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (Cambodia Democracy Act) ឬ H.R. 526។ ច្បាប់ដែលស្នើឡើងដោយលោក ថេត យូហូ អ្នកតំណាងរាស្ត្រ ប្រចាំរដ្ឋ Florida នៃគណបក្សសាធារណរដ្ឋ ត្រូវបានពួកគេអះអាងថា ធ្វើឡើងក្នុងគោលដៅជំរុញឱ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ គោរពសិទ្ធិ សេរីភាព នយោបាយ និងសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា។ ច្បាប់នេះក៏មានគោលដៅដាក់ទណ្ឌកម្ម សេដ្ឋកិច្ច និងទិដ្ឋាការលើមន្ត្រីកម្ពុជា ដែលពួកគេចោទថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។
បើទោះបីច្បាប់នេះត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រយ៉ាងណាក្តី តែគេត្រូវរង់ចាំការសម្រេចពីសភាជាន់ខ្ពស់មួយដំណាក់កាលទៀត មុននឹងបញ្ជូនទៅឱ្យប្រធានាធិបតីពិនិត្យ និងសម្រេចដាក់ឱ្យអនុវត្តន៍៕