(ភ្នំពេញ)៖ ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំគ្រប់គ្រងពុទ្ឋិកសាកលវិទ្យាល័យព្រះសីហនុរាជ បានទទួលពានរង្វាន់ «ព្រះចេតិយមាស សម្រាប់អ្នកទ្រទ្រង់ និងថែរក្សាព្រះពុទ្ធសាសនា» ត្រូវប្រទានដោយព្រះមហាក្សត្រ ព្រះមហាវជិរាឡុងកន ព្រះរាមទី១០ នៃប្រទេសថៃ។
ពិធីប្រគល់ពាននេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ពីនាយឧត្តមសេនីយ៍ ឆាលីត ផុកផាសុខ មេបញ្ជាការកងទ័ពភូមិន្ទអាកាសថៃ ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាព្រះរាជតំណាងព្រះបាទសម្តេចព្រះមហាវជិរាឡុងកន នៃព្រះរាជាណាចក្រថៃ។
ក្រោយទទួលបាន ពានរង្វាន់ «ព្រះចេតិយមាស» នេះ ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា បានមានព្រះថេរដីកាសម្តែងក្តីសេចក្តីសប្បាយរីករាយ ដែលទទួលបានពានដ៏ថ្លៃថ្លា ប្រកបដោយកិត្តិយសនាពេលនេះ។
ព្រះអង្គព្រះថេរដីកាបន្ថែមថា ក្នុងនាមជាព្រះសង្ឃកម្ពុជាមួយរូប បានទទួលពានដ៏ថ្លៃថ្លា ប្រកបដោយកិត្តិយស ពីព្រះមហាក្សត្រថៃ មិនមែនជាមហាកិត្តិយស និងមោទនភាពសម្រាប់ព្រះអង្គផ្ទាល់នោះទេ ប៉ុន្តែសម្រាប់ព្រះសង្ឃខ្មែរ និងប្រទេសកម្ពុជាផងដែរ។
ប្រទេសថៃទើបតែបាន រៀបចំការវាយតម្លៃ និងជ្រើសរើសបុគ្គលឆ្នើម ក្នុងការទទួលបានពានរង្វាន់ «ព្រះចេតិយមាស» ហើយនេះជាឆ្នាំទី១ ផ្តល់ជូនឥស្សរជនចំនួន១០៣រូប ភាគច្រើនគឺជាព្រះសង្ឃ និងគ្រហស្ត ជាជនជាតិថៃ ដែលមានស្នាដៃលេចធ្លោ។ ក្នុងចំនោម១០៣រូប មានបរទេសតែ៧រូបប៉ុណ្ណោះ ក្នុងនោះ មានប្រទេសកម្ពុជា វៀតណាម ឡាវ ស្រីលង្កា សិង្ហបុរី និងភូមា ឥណ្ឌូនេស៊ី។
ជារួមបុគ្គលឆ្នើមដែលទទួលបានពានរង្វាន់នេះ គឺត្រូវបានឆ្លងកាត់ការវាយតម្លៃ និងជ្រើសរើសដោយគណៈកម្មការ ដែលបង្កើតឡើងដោយប្រទេសថៃ គឺជ្រើសរើស ដោយយកចិត្តទុកដាក់ និងច្បាស់លាស់ជាទីបំផុត។ បន្ថែមពីលើនេះ បុគ្គលឆ្នើមនោះ ត្រូវមានចំណេះដឹង ពាក់ព័ន្ធទៅលើវិស័យចំនួន៦រួមមាន វិស័យគ្រប់គ្រង វិស័យសាសនាសិក្សា វិស័យការផ្តល់ការប្រឹក្សា វិស័យផ្សព្វផ្សាយព្រះពុទ្ធសាសនា វិស័យប្រយោជន៍សាធារណៈ វិស័យជួយសង្រ្គោះជាសាធារណៈជាដើម។
ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ជាបញ្ញាវ័នសង្ឃជាន់ខ្ពស់១ព្រះអង្គ ក្នុងការចូលរួមចំណែក ជួយលើកតម្កើងព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា ហើយក៏ជាសមាជិក នៃបញ្ញាវ័នសង្ឃជាន់ខ្ពស់នៅក្រៅប្រទេសផងដែរ។
ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ជានិច្ចកាល មានទំនាក់ទំនងល្អ និងប្រាស្រ័យទាក់ទងជាមួយព្រះសង្ឃបរទេស នៅអំឡុងព្រះអង្គនិមន្ត ចូលរួមកម្មវិធី និងធ្វើជាវាគ្មិននៅតាមបណ្តាប្រទេសទាំងអស់នោះជាញឹកញាប់ ព្រះអង្គបានលះបង់ស្ទើរតែ១ព្រះជន្ម ព្រះអង្គទៅហើយ ប្រឹងប្រែងក្នុងការផ្សព្វផ្សាយ និងចូលរួមលើកតម្កើងព្រះពុទ្ធសាសនា និងបានខិតខំប្រឹងប្រែងតស៊ូសិក្សារៀនសូត្រទាំងនៅក្នុងប្រទេសកម្ពុជា នៅប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា៕