(ត្បូងឃ្មុំ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្បូងឃ្មុំ និងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីត្រៀមបង្ការដោះស្រាយបញ្ហាផ្សេងៗកើតចេញពីគ្រោះធម្មជាតិនៅក្នុងខេត្ត។
ក្នុងកិច្ចប្រជុំនោះ លោក គន់ គីម ក្រើនរំលឹកថា ខេត្តត្បូងឃ្មុំ ក៏ជាខេត្តមួយដែលជាប់នឹងដងទន្លេមេគង្គ ហើយរដូវវស្សានេះក៏ជាពេលដែលប្រជាពលរដ្ឋងាយរងគ្រោះដោយសារគ្រោះទឹកជំនន់។ លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកទៅដល់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏ដូចជាមន្ត្រីពាក់ព័ន្ធក្នុងខេត្ត កងកម្លាំងសមត្ថកិច្ច ឱ្យត្រៀមលក្ខណៈសម្បត្តិក្នុងការជួយសង្គ្រោះ ជួយជម្លៀសប្រជាពលរដ្ឋពេលជួបនូវគ្រោះទឹកជំនន់។
លោក គន់ គីម បានបញ្ជាក់ដូច្នេះ «ដេីម្បីត្រៀមបង្ការ និងឆ្លេីយតបបានទាន់ពេលវេលា ខេត្តត្រូវធ្វេីផែនការត្រៀមឱ្យបានលំអិតជាក់ស្តែង រួមទាំងការបម្រុងទីទួលសុវត្ថិភាព មធ្យោបាយ សម្ភារៈ ការត្រៀមបម្រុងកម្លាំងសម្រាប់ជួយអន្តរាគមន៍ ដោយមានរៀបចំហ្វឹកហាត់ជាមុន និងត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សសម្រាប់ជួយសង្គ្រោះជនរងគ្រោះជាដើម»។
បើទោះបីជាយ៉ាងណាលោកទេសរដ្ឋមន្ត្រី គន់ គីម បានកោតសសេីរចំពោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលក្តាប់ជាប់ និងមានផែនការក្នុងការត្រៀមបង្ការ និងឆ្លេីយតបពេលមានគ្រោះមហន្តរាយ។
តាមរបាយការណ៍លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា រយៈពេល៦ខែឆ្នាំ២០១៩កន្លង ខ្យល់កន្ត្រាក់ រន្ទះបាញ់ អគ្គីភ័យ លង់ទឹក និងជំងឺរាតត្បាតផ្សេងៗបានធ្វើឲ្យប៉ះពាល់លើទ្រព្យសម្បត្តិ និងបង់ជីវិតប្រជាពលរដ្ឋក្នុខេត្តសរុបចំនួន ០៧នាក់, ផ្ទុះជំងឺងឺឆ្លងប៉េសជ្រូកអាហ្វ្រិក ងាប់ជ្រូក ៤៧ក្បាល និងជំងឺគ្រុនឈាមកើនឡើង ១,៩៨៣ករណី។
ជាមួយគ្នានោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទំាងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជាបានចុះសួរសុខទុក្ខ និងចែកអំណោយ ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ អគ្គីភ័យ គ្រួសារក្រីក្រ ស្ត្រីមេម៉ាយ ចាស់ជរា ជនពិការ បានទាន់ពេលវាលាផងដែរ៕