(ព្រះសីហនុ)៖ ឆ្លើយតបនឹងបញ្ហាក្តៅអំពីការលួចនាំកាកសំណល់សំរាមប្លាស្ទិកចូលទឹកដីកម្ពុជា, នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា កាកសំណល់ខុសច្បាប់ទាំងនេះ មានប្រភពនាំចូលពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដែលមានទម្ងន់រហូតដល់១៦០០តោន និងត្រៀមឲ្យបញ្ជូនទៅកាន់ប្រទេសដើមវិញ។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់យ៉ាងដូច្នេះថា «តាមទិន្នន័យបឋមដែលទទួលបានពីសមត្ថកិច្ចស៊ើបអង្កេត សំណល់ប្លាស្ទិកទាំង៨៣កុងទឺន័រ ដែលជាទំនិញហាមឃាត់ ត្រូវបានសមត្ថកិច្ច បង្ក្រាបបាននៅកំពង់ផែស្វយ័តព្រះសីហនុ មានប្រភពមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា មានទម្ងន់ប្រមាណ១៦០០តោន។ សមត្ថកិច្ចកិច្ចបាននិងកំពុងរៀបចំដំណើរការនីតិវិធីដើម្បីបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុន ដែលនាំចូលមកនោះតាមច្បាប់ជាធរមាន»។
«កម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងបន្តការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដែលនាំឱ្យមានការនាំចូលសំណល់ប្លាស្ទិកនេះ ដែលជាទំនិញត្រូវហាមឃាត់នេះ មកកាន់ប្រទេសកម្ពុជា។ សមត្ថកិច្ចក៏បាននិងកំពុងស៊ើបអង្កេតស្វែងរកក្រុមហ៊ុនដែលលួចនាំ ចូលនូវសំណល់ប្លាស្ទិកបេះ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន» នេះបើតាមការបញ្ជាក់បន្ថែមពីលោក ភក្រ្តា អ្នកនាំពាក្យសកម្មមួយរូបរបស់ក្រសួងបរិស្ថាន។
លោកបន្ថែមថា ការលួចនាំចូលទំនិញហាមឃាត់សំណល់ប្លាស្ទិកត្រូវបានគេក្លែងឈ្មោះទំនិញដោយដាក់ថា ជា «ផលិតផលសម្រាប់កែច្នៃឡើងវិញ» ដោយមិនបានបញ្ជាក់ថាជា «សំណល់ប្លាស្ទិក» ឡើយ។
ការបង្ក្រាបលើការនាំចូលសំណល់ប្លាស្ទិកពីបរទេសមកចូលប្រទេសកម្ពុជានៅពេលនេះបាន បញ្ជាក់ពីការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមុខទំនិញដែលហាមឃាត់ និងប្រភេទសំណល់ប្រកបដោយគ្រោះថ្នាក់។ ការបង្ក្រាបបានទាន់ពេលវេលានូវទំនិញហាមឃាត់សំណល់ប្លាស្ទិក នេះក៏បានបង្ហាញពីកិច្ចសហការ យ៉ាងស្អិតរមួតរវាងក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែស្វយ័តក្នុងការទប់ស្កាត់ទំនិញហាមឃាត់មិនឱ្យ ចូលមកកម្ពុជាបាន។
រាជរដ្ឋាភិបាលកម្ពុជានឹងបន្តអនុវត្តវិធានការច្បាប់តឹងរឹងប្រឆាំងនឹងការលួចនាំចូលទំនិញហាមឃាត់គ្រប់ប្រភេទ។ រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាត ឲ្យមានជាដាច់ខាតចំពោះការនាំចូល សំណល់ប្លាស្ទិក មកកែច្នៃនៅកម្ពុជាទេ។ កម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោល បច្ចេក វិទ្យា ហួសសម័យនោះទេ ហើយកម្ពុជាតែងតែជំទាស់ជានិច្ចនឹងការនាំចូលសំណល់ ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា។
សូមជំរាបថា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ នេះ ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធបានសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ ក្រោយពីមានការសង្ស័យ លើទំនិញដែលមាននៅក្នុងទូរកុងទឺន័រនោះ៕