(ភ្នំពេញ)៖ «ខ្ញុំទទួលបានមេដាយប្រាក់ពីកម្មវិធី SIMOC ខ្ញុំមានអារម្មណ៍អស្ចារ្យណាស់សម្រាប់ពានរង្វាន់មួយនេះ ខ្ញុំនឹងបង្ហាញវាទៅកាន់ឪពុកម្ដាយរបស់ខ្ញុំ ខ្ញុំគិតថាគាត់នឹងលើកទឺកចិត្តខ្ញុំ។ សាលានេះពិតជាអស្ចារ្យណាស់ ហើយបានបង្រៀនខ្ញុំនូវអ្វីជាច្រើន ដែលជាហេតុធ្វើឲ្យខ្ញុំទទួលបានមេដាយប្រាក់ ពីកម្មវិធី SIMOC ហើយនេះជាលទ្ធផល [ដែលបានពីការបង្រៀនរបស់សាលា ខ្ញុំ]»។ នេះគឺជាការលើកឡើងរបស់កុមារា ម៉េត ខនណឺគ្រូស កំពុងសិក្សាថ្នាក់ទី៤ នៅសាលាអន្តរជាតិតេចសាស ហើយបានទទួលមេដាយប្រាក់ពីការប្រឡងគណិតវិទ្យា អូឡាំព្យាដអន្តរជាតិ ២០១៩ នៅប្រទេសសិង្ហបុរី (SIMOC 2019)។
ដោយសិស្សនៃសាលាអន្តរជាតិតេចសាស ឬ Texas International Academy បានទទួលមេដាយប្រាក់ចំនួន២ និងមេដាយសំរិទ្ធចំនួន៥ ព្រមជាមួយប័ណ្ណសរសើចំនួនពីរបន្ថែមទៀត។ សិស្សានុសិស្ស ដែលដណ្ដើមបានមេដាយ និងប័ណ្ណសរសើរបស់សាលាអន្តរជាតិតេចសាស សុទ្ធសឹងតែជាកុមារដែលសិក្សាត្រឹមកម្រិតថ្នាក់ទី២ ទី៣ និងទី៤ ប៉ុណ្ណោះ។
ការប្រឡងគណិតវិទ្យាលក្ខណៈអន្តរជាតិ ដែលមាន១៨ប្រទេសក្នុងតំបន់អាស៊ីចូលរួមនេះ ត្រូវបានបើកឱកាសឲ្យសិស្សានុសិស្សដែលមានសិក្សាចាប់ពីថ្នាក់ទី២ ដល់ថ្នាក់ទី១១ អាចមានសិទ្ធិចូលរួមប្រឡងបាន។ ចំណែកឯកាប្រកួតបានធ្វើឡើងកាលពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅក្នុងប្រទេសសង្ហហបុរី។ ជាលទ្ធផលប្រទេសកម្ពុជាមានបេក្ខជនចូលរួមប្រកួតសរុបចំនួន៧៧នាក់ និងបានដណ្ដើមយកមេដាយមាសចំនួន៤ មេដាយប្រាក់ចំនួន១៥ និងមេដាយសំរិទ្ធិចំនូន២៣មេដាយ នាំឲ្យកម្ពុជាទទួលបានមេដាយចំនួន៤២មេដាយ។
នាយកនៃសាលាអន្តរជាតិតេចសាស ឬ Texas International Academy លោក ធន់ សុវិសិដ្ធបានសម្ដែងនូវក្ដីរំភើបរីករាយដែលសាលារបស់លោក មានសិស្សទទួលបានមេដាយច្រើនជាងគេនៅកម្ពុជា។ រឹតតែពិសេសនេះជាឆ្នាំដំបូងដែលសាលា Texas International Academy បានរៀបចំឲ្យសិស្សចូលរួមប្រកួតនៅក្នុងកម្មវិធី SASMO នេះជាមោទកភាពមួយចំពោះសិក្សានុសិស្សរបស់លោក។
លោក ធន់ សុវិសិដ្ធ បញ្ជាក់យ៉ាងដូច្នេះថា៖ «ឆ្នាំនេះយើងទើបតែចូលក្នុងSASMO ដូច្នេះយើងមិនបានត្រៀមតាំងពីយូរដូចសាលាដទៃទៀតទេ ដូចជាសាលាមកពីស្រុវៀតណាម ស្រុកថៃក្ដី គឺគេត្រៀមយូរមកហើយ ចំណែកឯយើងត្រៀមបានតែ២ខែ អីចឹងហើយបានជាយើងមានមោទនភាពដែរ ដែលយើងមានពេលត្រៀមតែរយៈពេលខ្លី ហើយទទួលបានមេដាយច្រើនគ្រាន់បើ នេះហើយដែលយើងមានមោទនភាព»។
មិនត្រឹមតែលោកនាយកសាលាទេដែលមានមោទកភាព សូម្បីតែអាណាព្យាបាលសិស្សក៏មានសេចក្ដីរំភើបសប្បាយរីករាយ ញញឹមស្រស់ស្រាយ និងលទ្ធផលដែលកូនៗបានទទួលបាននោះដែរ។ ដោយបង្ហាញពីភាពជឿជាក់លើសាលា Texas International Academy ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៥ និងបានយកស្តង់ដាពីសហរដ្ឋអាម៉េរិកបញ្ចូលជាមួយស្តង់ដាប្រទេសបារាំងខាងលើនេះ។ បានធ្វើឲ្យកូនៗរបស់អាណាព្យាបាលទាំងនេះ មានការផ្ដាល់ប្ដូរច្រើនបើប្រៀបធៀប និងសាលាផ្សេងៗដែលពួកគាត់ធ្លាប់បានដាក់ឲ្យកូនសិក្សា។
សូម្បីតែលោក ម៉េត មករា ដែលធ្លាប់ឲ្យកូនប្រុសសិក្សានៅសហរដ្ឋអាម៉េរិក ក៏មានភាពសប្បាយរីករាយជាងខ្លាំង ដែលលោកបានគិតថាលោកបានគិតត្រូវ ដែលប្តូរកូនប្រុសជាទីស្រលាញ់ដែលធ្លាប់សិក្សានៅសហរដ្ឋអាម៉េរិក ឲ្យមកសិក្សានៅកម្ពុជាតាមរយៈសាលា Texas International Academyនេះ។ ព្រោះតែលោកឃើញមានរីកចម្រើនរបស់កូនកើនឡើងជាបន្តបន្ទាប់ មិនចាញ់ការសិក្សានៅក្នុងទឹកដីសហរដ្ឋអាម៉េរិកផ្ទាល់ឡើយ រឹតតែពិសេសកូនប្រុសរបស់លោក បានទទួលមេដាយប្រាក់ពីកម្មវិធីប្រកួតគណិតវិទ្យា អូឡាំព្យាដអន្តរជាតិ ២០១៩ នៅប្រទេសសិង្ហបុរី។
លោក ម៉េត មករា បញ្ជាក់ថា៖ «ខ្ញុំយល់ឃើញថា ភាសាថា Texas International ដែលខ្ញុំធ្លាប់ដើរនៅប៉ែកអឺរ៉ុបឬនៅអាមេរិក វាគឺជា State មួយ ដែលមានប្រជាប្រិយភាពសម្រាប់សហរដ្ឋអាម៉េរិក ហើយខ្ញុំគិតថាជាកត្តាល្អដែលមានសាលាអាម៉េរិក នៅក្នុងប្រទេសកម្ពុជាយើង ដោយខ្ញុំមិនចាំបាច់ចំណាយពេលវេលា សម្រាប់យកកូនខ្ញុំទៅរៀនដល់សហរដ្ឋអាម៉េរិកទេ។ អីចឹងចំណេះដឹងរបស់ពួកគាត់ ប្រហែលជាអាចប្រៀបធៀបជាមួយប្រទេសដែលជឿនលឿននោះបានដែរ។ អីចឹងខ្ញុំក៏យល់ឃើញថា ខ្ញុំក៏២នាក់ភរិយាខ្ញុំក៏សម្រេចចិត្តឲ្យកូនសាកល្បងជាមួយនិង Texas ហើយយើងក៏ចាប់ផ្ដើមពីពេលហ្នឹងមក»។
មិនមែនតែលោក ម៉េត មករា ដែលបង្ហាញអំពីការពេញចិត្តក្រោយជ្រើសរើសសាលាអន្តរជាតិតេចសាស ឬTexas International Academy ឲ្យកូនសិក្សានោះទេសូម្បីតែអាណាព្យាបាលដទៃទៀត ក៏បានបង្ហាញអំពីក្ដីសប្បាយរីករាយ ក្នុងការជ្រើសរើសសាលាមួយដែលមានគុណភាព និងធ្វើឲ្យកូនៗរបស់ពយកគាត់មានការយល់ដឹងបានឆាប់រហ័សព្រមជាមួយសីលធម៌ល្អថែមទៀតផង។
តួយ៉ាងអ្នកស្រី សាវតា ច័ន្ទគ្រឹស្នា ដែលជាអាណាព្យាបាលសិស្សមួយរូបដែលទទួលបានមេដាយប្រាក់ពីការប្រកួតគណិតវិទ្យា អូឡាំព្យាដអន្តរជាតិ ២០១៩ នៅប្រទេសសិង្ហបុរី បានបង្ហាញភាពសប្បាយរីករាយយ៉ាងដូច្នេះថា៖ «មិនត្រឹមតែគាត់យកកម្មវិធីសិក្សាពីសហរដ្ឋអាម៉េរិកនោះទេ សូម្បីតែកូនរបស់នាយកសាលាក៏គាត់ឲ្យកូនរបស់គាត់រៀននៅទីនេះដែរ។ ពិតជាធ្វើឲ្យខ្ញុំមានទំនុកចិត្តច្រើនមែនទែនព្រោះថា ក្នុងនាមយើងជានាយកសាលាម្នាក់ប្រសិនជាកូនគាត់រៀននៅសាលាហ្នឹងដែរ គឺយើងមានទំនុកចិត្តខ្លាំងមែនទែន មិនដូចសាលាខ្លះគាត់បើកសាលាធំប៉ុន្តែកូនរបស់គាត់ឲ្យរៀននៅសាលាផ្សេងនោះយើងក៏មិនសូវមានទំនុកចិត្តថាសាលានោះមានសមត្ថភាពល្អដែរ»។
ជាលទ្ធផលការរំពឹងរបស់អ្នកស្រី ច័ន្ទគ្រឹស្នា ពិតជាមិនខកបំណងមែន ក្រោយពេលដែលអ្នកស្រីបានប្ដូរកូនឲ្យមកសិក្សានៅសាលាអន្តរជាតិតេចសាស កូនរបស់អ្នកស្រីបានរីកចម្រើននូវចំណេះដឹងយ៉ាងឆាប់រហ័ស ទាំងភាសាអង់គ្លេស និងចំណេះដឹងទូទៅ មិនតែប៉ុណ្ណោះកូនអ្នកស្រីដែលធ្លាប់តែជាសិស្ស ស្ថិតនៅក្នុងលំដាប់មធ្យម ក្លាយទៅជាសិស្សពូកែនៅក្នុងថ្នាក់ ថែមទាំងទទួលបានមេដាយប្រាក់ពីកម្មវិធី ប្រកួតគណិតវិទ្យា អូឡាំព្យាដអន្តរជាតិ ២០១៩ នៅប្រទេសសិង្ហបុរី ថែមទៀតផង។
អ្នកស្រី សាវតា ច័ន្ទគ្រឹស្នា បន្ថែមយ៉ាងដូច្នេះ៖ «គាត់មានការផ្លាស់ប្ដូរច្រើនទាំងតាំងពីខ្ញុំប្ដូរគាត់ពីសាលាផ្សេងមក Progress គាត់លឿន ឃើញថាភាសាអង់គ្លេសគាត់ គាត់មកពីសាលាផ្សេងកាលគាត់រៀនមតេយ្យហ្នឹងគឺគាត់អត់អាចនិយាយបានទេ គាត់អាចស្ដាប់បានខ្លះប៉ុណ្ណោះ។ គ្រាន់តែចូលមកសាលានេះបាន៣ ៤ខែគាត់អាចនិយាយបាន ទំនាក់ទំនងបានជាភាសាអង់គ្លេស ហើយការសិក្សារបស់គាត់ ពិន្ទុករបស់គាត់ប្រចាំត្រីមាស មានការវិវឌ្ឍទៅលឿន ពីមួយត្រីមាសទៅមួយត្រីមាស ហើយពីមួយឆ្នាំទៅមួយឆ្នាំការសិក្សារបស់គាត់មានការ Progress ច្រើនមែនទែន តាំងពីគាត់ជាសិស្សដែលទទួលបានចំណាត់ថ្នាក់មធ្យមក្លាយជាសិស្សពូកែនៅក្នុងថ្នាក់»។
យ៉ាងណាការបង្រៀននៅសាលាតែមួយមុខគឺមិនគ្រប់គ្រាន់ឡើយ គឺត្រូវមានការយកចិត្តទុកដាក់ និងបង្ហាត់បង្រៀនបន្ថែមពីអាណាព្យាបាល បន្ថែមទៀតក្រោយពេលកូនចេញពីសាលារៀន។ នេះបើតាមការលើកឡើងរបស់អាណាព្យាបាលសិស្សដែលសិក្សានៅសាលាអន្តរជាតិតេចសាស។ តួយ៉ាងដូចជាលោក ម៉េត មករា បើទោះជាលោក និងភរិយាមានកិច្ចការងាររវល់យ៉ាងណាក្ដី ក៏ផ្លាស់ប្តូរវេនគ្នាក្នុងការបង្រៀនកូនបន្ថែមទៀត ជាពិសេសពិនិត្យមើលរាល់កិច្ចការងារសាលាដែលគ្រូបានដាក់ឲ្យយកមកធ្វើនៅផ្ទះ។ ការតាមដាន់ការសិក្សាកូន និងជួយពិនិត្យមើលកិច្ចការងារផ្ទះមិនត្រឹមតែអាចជួយឲ្យកូនមានការសិក្សាកាន់តែពូកែនោះទេ តែថែមទាំងជួយឲ្យគ្រួសារកាន់តែមានភាពកក់ក្ដៅថែមទៀតផង។
លោក ម៉េត មករា បញ្ជាក់បន្ថែម៖ «ពិតជាមានសារៈសំខាន់ណាស់ការបង្រៀននៅផ្ទះបន្ថែម ជាក់ស្ដែងទោះបីជានៅសាលាមានការបណ្ដុះបណ្ដាលល្អហើយ តែបើនៅផ្ទះយើងខ្វះការបង្ហាត់បង្រៀនបន្ថែមពីសង្គមគ្រួសារ និងពីមជ្ឈដ្ឋានជុំវិញគ្រួសារ ក៏វាពិបាកដែរ តែខ្ញុំនៅតែអរគុណដល់សាលាតិចសាស ព្រោះពួកគាត់ចំណាយពេលវេលាច្រើនក្នុងការបង្ហាត់បង្រៀនកូនខ្ញុំ ដោយអាចធ្វើឲ្យខ្ញុំអាចកាត់បន្ថយការចំណាយពេលវេលារបស់ខ្ញុំ ទៅបង្រៀនកូនខ្ញុំបន្ថែម»។
នេះជាការបង្ហាញអំពីចំណាប់អារម្មណ៍របស់តំណាងអាណាព្យាបាលសិស្សជាច្រើនទៀតដែលមានកូនកំពុងសិក្សានៅសាលាអន្តរជាតិតេចសាស ឬ Texas International Academy។ បន្ទាប់ពីទទួលបានភាពជោគជ័យក្នុងការបញ្ជូនសិស្សទៅចូលរួមប្រកួតប្រជែងគណិតវិទ្យាថ្នាក់អន្តរជាតិលើកដំបូងនេះរួចហើយ សាលាអន្តរជាតិតេចសាស ក៏មានគម្រោងនាំបង្ហាត់បង្រៀនសិស្សានុសិស្សបន្ថែមទៀតដើម្បីមានសមត្ថភាពចូលរួមប្រកួតកម្មវិធីលក្ខណៈអន្តរជាតិផ្សេងៗទៀត។ នេះបើតាមការលើកឡើងបន្ថែមពីលោក នាយកសាលាTexas International Academy។
ក្នុងនាមជានាយកសាលាចំណេះដឹងទូទៅមួយរូបដែលបានបញ្ចប់ការសិក្សាពីអាម៉េរិក និងបារាំង លោក ធន់ សុវិសិដ្ធបានណែនាំដល់អាណាព្យាបាលអំពីគន្លឹះស្វែងរកសាលាល្អសម្រាប់បុត្រធីតាយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាក្នុងនាមជាអាណាព្យាបាលមុនពេលរើសសាលាត្រូវមើល Background នៃអ្នកគ្រប់គ្រង នាយកសាលា ឬគ្រូបង្រៀនម្នាក់ៗក្ដី។ កុំគិតថាមានសាលាធំ សាលាតូច យើងត្រូវមើលថាអ្នកគ្រប់គ្រងនោះមានចំណេះបែបណា គាត់មកពីណា មិនថាខ្មែរក្ដី អាគាំងក្ដី បារាំងក្ដី យើងកុំគិតថាឲ្យតែស្បែកសគេចេះជាងយើង។ ដូច្នេះខ្ញុំចង់ប្ដូរគំនិតថា មិនមែនរឿងបារាំង អាគាំង ខ្មែរ ថៃអី យើងត្រូវមើលថា Background គាត់ គាត់មានអីគេខ្លះគាត់រៀនបានអីខ្លះ អាហ្នឹងសំខាន់ជាង»៕