Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧកញ៉ា គួច ម៉េងលី ស្នើឲ្យយុវជនខ្មែរដែលបានចេញទៅសិក្សា ឬធ្វើការនៅបរទេសត្រឡប់ មកចូលរួមជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា (Video inside)

17-07-2019 15:15

(ភ្នំពេញ)៖ លោកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិក្រុមហ៊ុនម៉េងលី ជេ.គួចអេខ្យូខេសិន បានអំពាវនាវឲ្យយុវជន-យុវនារីដែលបានទៅសិក្សា ឬធ្វើការនៅបរទេស សូមវិលត្រឡប់មកប្រទេសកម្ពុជា នៅពេលបញ្ចប់ការសិក្សា ឬបញ្ចប់ការងារ ដើម្បីមកចូលរួមជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» ទូរទូស្សន៍ Fresh News លោកឧកញ៉ា គួច ម៉េងលី បានអះអាងថា «ខ្ញុំសូមសំណមពរឲ្យប្អូនៗទាំងអស់ ប្រសិនបើទៅស្រុកគេទៅធ្វើការក៏ទៅចុះ ធ្វើហើយសន្សំលុយមកស្រុកខ្មែរវិញ បើករកស៊ី ឬធ្វើអ្វីមួយឲ្យលូតលាស់ ទៅស្រុកគេច្បាស់ជាមើលឃើញថា គេអភិវឌ្ឍន៍យ៉ាងម៉េច, គេជឿនលឿនដូចម្ដេច, អនាម័យដូចម្ដេច, សណ្ដាប់ធ្នាប់ដូចម្ដេច ហើយនាំយកអតីតកាលនេះ មកស្រុកខ្មែវិញដើម្បីអភិវឌ្ឍន៍»។

លោកបន្ដថា ពេលដែលទៅធ្វើការនៅស្រុកគេ ត្រូវបែកប្រពន្ធកូន, ម្ដាយឪពុកជាច្រើនឆ្នាំ ដូច្នេះទៅហើយរក្សាខ្លួនឲ្យបានល្អ កសាងខ្លួនឲ្យបានល្អ, អភិវឌ្ឍខ្លួនឲ្យបានល្អ, សន្សំលុយឲ្យបានច្រើន ត្រលប់មកស្រុកខ្មែរវិញ ចូលរួមអភិវឌ្ឍន៍កសាងខ្លួន រកស៊ីដើម្បីទៅថ្ងៃក្រោយមានបាននឹងគេ។

លោកបញ្ជាក់ថា «ខ្ញុំសូមឲ្យប្អូនៗភ្ញាក់អារម្មណ៍ស្មារតី ធ្វើអ្វីៗមិនបាច់គិតពីអ្នកណានៅឆ្វេងស្ដាំឡើយ ត្រូវអភិវឌ្ឍន៍ខ្លួនឯង កសាងខ្លួនឯងរឹងមាំឡើង បើម្នាក់ៗរឹងមាំនោះប្រទេស នឹងរឹងមាំទៅតាមនេះដូចគ្នា»។

ក្នុងនោះលោក គួច ម៉េងលី ក៏បានបង្ហាញពីគន្លឹះ និងផ្លូវមួយចំនួនដែលយុវជនគួរតែដើរ ដើម្បីកសាងអនាគតឲ្យបានល្អប្រសើរឡើង។ លោកបានឲ្យដឹងថា ដើម្បីឲ្យដំណើរការនៃការសិក្សា របស់យុវជនបានល្អ ទី១៖ រាជរដ្ឋាភិបាលត្រូវបង្កើតសាលារៀនឲ្យបានច្រើន ទី២៖ គ្រប់សាលាតាមតំបន់ទាំងអស់ ត្រូវតែមានគ្រប់ ដើម្បីឲ្យសិស្សបានរៀន, ទី៣៖ សិស្សទាំងអស់ត្រូវតម្រូវឲ្យរៀនឲ្យចប់តិចណាស់ត្រឹមថ្នាក់១២។ ពេលរៀបចប់ត្រូវមានក្រុមប្រឹក្សាភិបាល ដើម្បីណែនាំតម្រង់ទិស នាំផ្លូវទៅរកផ្លូវល្អប្រសើរ៕