(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អគ្គស្នងការនគរបាលជាតិ អភិបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្តទាំងអស់ ចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ធ្វើយ៉ាងណាឱ្យការប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ទទួលបានលទ្ធផលល្អប្រសើរ។
ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។
ក្នុងឱកាសនោះសម្តេចក្រឡាហោម បានប្រកាសឱ្យដឹងផងដែរថា បេក្ខជនប្រឡងបាក់ឌុបនៅឆ្នាំនេះមានចំនួនសរុប ១១៩,២១៧នាក់ នារីជាង ៦ម៉ឺននាក់, បេក្ខជនមានពិការភាពមានចំនួន ៥នាក់។ បេក្ខជនប្រឡងនៅឆ្នាំនេះកើនឡើងប្រមាណ ៥៨៥២នាក់ បើធៀបឆ្នាំ២០១៨។
សម្រាប់មណ្ឌលប្រឡងវិញមានចំនួន ២០២មណ្ឌល កើនឡើង៦មណ្ឌល បើធៀបឆ្នាំ២០១៨៕