(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានថ្លែងថា ដោយសារតែបច្ចុប្បន្ននេះ ជំងឺគ្រុនឈានកំពុងតែមានការផ្ទុះឡើងគួរឱ្យបារម្ភ ដូចនេះហើយនៅពេលដែលមានអាការៈគ្រុនក្តៅ ចំនួន២ថ្ងៃដាក់ថ្នាំមិនបាត់ ហើយសង្ស័យខ្លួនឯងថា មានជំងឺគ្រុនឈាម ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ដោយមិនត្រូវសាកល្បងផ្សំថ្នាំលេបដោយខ្លួនឯងនោះទេ។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានអំពីវិធានការណ៍ និងការពារការកើតជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានថ្លែងថា ដោយសារតែបច្ចុប្បន្ននេះ ជារដូវកាលគ្រុនឈាម ដូចនេះហើយនៅពេលដែលមានរោគសញ្ញាគ្រុនក្តៅ ដែលមានកម្តៅចាប់ពី៣៨អង្សារឡើងទៅមានរយៈពេល២ថ្ងៃដាក់ថ្នាំមិនបាត់ សង្ស័យមានជំងឺគ្រុនឈាម ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដោយមិនត្រូវសាកល្បងផ្សំថ្នាំលេបដោយខ្លួនឯងនោះទេ។
ជាក់ស្តែងក្រសួងសុខាភិបាល ក៏បានណែនាំផងដែរ ចំពោះកន្លែងលក់ថ្នាំទាំងអស់ ដោយមិនត្រូវលក់ថ្នាំដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យនោះទេ ដោយអាចត្រឹមថ្នាំបញ្ចុះកម្តៅធម្មតា និងវីតាមីនតែប៉ុណ្ណោះ ដូចនេះហើយក្នុងករណីមានការសង្ស័យ ត្រូវតែទៅរកកាពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធានាបានសុវត្ថិភាពខ្ពស់។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ ក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមលុបបំបាត់ឱ្យអស់ នូវមូលហេតុដែលនាំឲ្យកើតមានជំងឺគ្រុនឈាម ដែលមានដូចជា៖ ការស្តុកទឹកទុកនៅក្នុងពាង ឬអាងទឹកដោយពុំបានគ្របឲ្យបានជិតល្អ។ ការបោះចោលពាសវាលពាសកាល នូវកាកសំណល់ សំបកកំប៉ុង សំបកកង់ឡានចាស់ៗ វត្ថុបាក់បែក សំបកដូង សំបកខ្ចៅខ្នង ដែលជាមូលហេតុធ្វើឲ្យមានដក់ទឹក ជម្រកមូសខ្លា។ កុមារតូច មនុស្សធំ មិនពាក់សំលៀកបំពាក់ឲ្យបានត្រឹមត្រូវ មិនគេងក្នុងមុង ដោយបណ្តោយឲ្យមូសខាំ ជាពិសេសពេលថ្ងៃ។ ការផ្លាស់ប្តូរទីលំនៅ ឬទីតាំងរបស់ប្រជាជនពីតំបន់មួយ ទៅតំបន់មួយដែលបានស្នាក់នៅ ឬបានឆ្លងកាត់តំបន់ដែលមានការចម្លងខ្ពស់។
លោកវេជ្ជបណ្ឌិត លាង វិទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានឱ្យដឹងដែរថា ការផ្ទុះឡើងនូវជំងឺគ្រុនឈាមនេះ គឺមានកត្តាច្រើនបូករួមបញ្ជូលគ្នា ជាក់ស្តែងដូចជា ការបង្កឡើងដោយកត្តាសាងសង់ច្រើន ដោយមានការកកើតឡើងនៃការដ្ឋានសំណង់ ដោយសារតែសំភារៈសំណង់ រៀបចំទុកដាក់មិនបានល្អ ដែលបណ្តាលឱ្យមានការដក់ទឹក បង្កទៅជាដង្កូវទឹក នឹងបង្កើតឡើងជាជម្រកនៃមូស ដែលជាហេតុបង្ករឱ្យការផ្ទុះជំងឺគ្រុនឈាម។
លោកក៏ស្នើសុំឱ្យកាដ្ឋានសំណង់ទាំងអស់ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ត្រូវចូលរួមទប់ស្កាត់នូវជំងឺគ្រុមឈាននេះទាំងអស់គ្នា ដោយចូលរួមធ្វើការសំអាតនូវសំភារៈសំណង់របស់ខ្លួន ដោយធ្វើការរៀបចំទុកឱ្យបានល្អ កុំឱ្យមានការដក់ទឹក ដែលជាជម្រករបស់សត្វមូស។
លោកវេជ្ជបណ្ឌិត លាង វិទ្ធា បានបន្ថែមថា ដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម ជានិច្ចជាកាលត្រូវដេកក្នុងមុង ឬមុងជ្រលក់ថ្នាំ ពិសេសពេលដេកនៅពេលថ្ងៃ, ផ្ទះត្រូវបើកទ្វារបង្អួចឲ្យមានពន្លឺថ្ងៃចេញចូល និងខោអាវត្រូវបត់ទុកដាក់ឲ្យបានត្រឹមត្រូវ, កាប់ឆ្ការព្រៃស៊ុបទ្របនៅជុំវិញផ្ទះឲ្យអស់, ត្រូវស្លៀកពាក់ខោអាវឲ្យបានជិតល្អ ហើយឲ្យកុមារលេងនៅកន្លែងណាដែលមានពន្លឺថ្ងៃចេញចូលជានិច្ច កុំឲ្យកុមារលេងកន្លែងងង និងដេកក្នុងមុងនៅពេលថ្ងៃ។
ធ្វើអនាម័យសំអាតលំនៅដ្ឋានរៀងៗខ្លួន និងចូលរួមបំបាត់ដង្កូវទឹកដោយដូចជា៖ លាងពាង ឬអាងទឹក ធុងទឹក ថូផ្កាកុំឲ្យមានដង្កូវទឹក ឲ្យបានជារៀងរាល់អាទិត្យ, ប្រមូលរាល់វត្ថុដែលដក់ទឹក នៅជុំវិញបរិវេណផ្ទះយកទៅដុត ឬកប់ចោល ឲ្យបានជារៀងរាល់អាទិត្យ, ខាប់ ក្រឡ ចានដាក់ទឹកសំរាប់មាន់ ទា ទូកដែលដាក់លើគោកសំរាប់បិទជ័រទឹកត្រូវចាំបាច់ផ្កាប់ចាក់ទឹកចោល ឲ្យបានជារៀងរាល់អាទិត្យ ឬផ្កាប់ចុះ, ចានទម្រជើងទូត្រូវចាំបាច់ដាក់អំបិលបន្តិច ដាក់ត្រី ៧ពណ៍ក្នុងពាង ឬអាងទឹក ដើម្បីឲ្យស៊ីដង្កូវទឹក ឬ ដាក់ថ្នាំអាបេត ឬថ្នាំបីធីអាយ ឬគ្របពាង អាងទឹក ឱ្យបានជិតល្អ។ សម្រាបសេចក្តីរាយការណ៍ និងសួរព័ត៌មានផ្សេងៗទាក់ទងនឹង ជំងឺឆ្លង សូមទូរសព្ទទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ៕