(មណ្ឌលគិរី)៖ ការបង្ក្រាបបទល្មើសព្រៃឈើដ៏កក្រើកនៅក្នុងខេត្តមណ្ឌលគិរី បានធ្វើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ៣រូបនៅក្នុងខេត្តនេះរត់គេចខ្លួន បន្ទាប់ពីគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងការបើកដៃឱ្យក្រុមឈ្មួញប្រព្រឹត្តបទល្មើស។
មន្ត្រីរដ្ឋបាលព្រៃឈើទាំង៣រូប ដែលកំពុងរត់គេចខ្លួននេះរួមមាន៖ លោក លឿង ភិរុណ អាយុ ៥៥ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែសង្គម-ណងឃីលឹក មានទីលំនៅក្នុងភូមិដំណាំកិន ឃុំដើមមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម, លោក ហ៊ុន វណ្ណេ អាយុ ៥០ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រឈើរយ៉ មានទីលំនៅក្នុងភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងលោក គង់ វិរៈ អាយុ ៤៦ឆ្នាំ ជានាយផ្នែករដ្ឋបាលព្រៃឈើកោះញែក មានទីលំនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលទាំងព្រៃឈើទាំង៣រូបនេះ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ ក៏ត្រូវបានលោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាបញ្ជាឱ្យពួកគេបង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីឱ្យបានមុនថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះផងដែរ។ ការឱ្យចូលខ្លួននេះ ដើម្បីសាកសួរទៅលើករណីមួយចំនួនមានដូចជា៖ ផ្តល់ការអនុញ្ញាតផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់, អនុគ្រោះចំពោះបទល្មើសព្រៃឈើ, មិនរាយការណ៍ ឬមិនបានដាក់ពាក្យបណ្តឹងចំពោះបទល្មើសព្រៃឈើថ្នាក់ទី១ ដែលបានកើតក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួនទាន់ពេលវេលា, ធ្វេសប្រហែសដោយចេតនាក្នុងការបំពេញភារកិច្ច ឬផ្តល់ព័ត៌មានក្លែងក្លាយបន្លំជាលាយលក្ខណ៍អក្សរដែលជាមូលហេតុបង្កឱ្យកើតមានបទល្មើសព្រៃឈើថ្នាក់ទី១។
ដីកាបញ្ជារបស់លោក ហៀង សុភក្ត្រ ក៏បើកផ្លូវឱ្យសមត្ថកិច្ចចាប់ខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើទាំង៣រូបនេះផងដែរ ប្រសិនបើប្រទះឃើញរូបគេនៅទីណានោះ។
សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីនេះ ក្រៅពីការចាប់ខ្លួនលោក ស៉ឹង សំអុល មេឈ្មួញឈើ និងបក្ខពួក៣នាក់ទៅ។ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីក៏បានចេញដីកាបញ្ជាឱ្យអ្នករកស៊ីឈើ៤នាក់ផ្សេងទៀតឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធបទល្មើសព្រៃឈើនេះផងដែរ។
អ្នករកស៊ីឈើទាំង៤នាក់ដែលកំពុងគេចខ្លួនដែរនោះរួមមាន៖ ឈ្មោះ សុង វិនចាង (Song Wenzhang) អាយុ ៦៨ឆ្នាំ មុខរបរជាអគ្គនាយកក្រុមហ៊ុនដាច់វូដ, ឈ្មោះ ចាង វិនតាវ (Wentao Zhang) នាយកក្រុមហ៊ុនយ៉ានចាវ, លោក ណេង ម៉ៅ អាយុ ៥០ឆ្នាំ តួនាទីជាអ្នកចាត់ចែងការប្រមូលឈើរបស់ក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» មានទីលំនៅក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងលោក លោក សាំង សុខុន អាយុ ២៧ឆ្នាំ ជាអ្នកចាត់ចែងរបស់ក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» មានទីលំនៅក្នុងភូមិកោះសំរោង ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕