(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចយកចិត្តទុកដាក់ ប្រយុទ្ធប្រឆាំងនឹងសកម្មភាពលាងលុយ និងការសម្អាតប្រាក់ តាមច្រកទ្វារអន្តរជាតិចេញចូលទូទាំងប្រទេស។
ការដាក់បទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។
សម្តេចក្រឡោហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ការប្រយុទ្ធប្រឆាំងនឹងការលាងលុយ ការសំអាតប្រាក់នៅតាមច្រកទ្វារចេញចូលប្រទេសទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ឬវិធីផ្សេងទៀត។ នេះក៏ជាបញ្ហាមួយដែលវាទាក់ទងនឹង។ បើនិយាយពីគោលការណ៍របស់យើង ច្បាប់ក៏មានគោលការណ៍ គោលនយោបាយ ទិសដៅរបស់រាជរដ្ឋាភិបាលក៏មាន ដែលយើងអត់ត្រូវរាថយទេ។ អត់ត្រូវរាថយទេបញ្ហានេះ ពីព្រោះវាពាក់ព័ន្ធដល់កិត្តិយសមុខមាត់ ពាក់ព័ន្ធនឹងច្បាប់អន្តរជាតិទៀត។ ដូចខ្ញុំធ្លាប់បានលើកឡើងថា បើសិនជាគេចាត់ទុកកម្ពុជា ជាប្រទេសដែលលាងលុយ ជាប្រទេសដែលខ្មៅ នោះយើងនឹងប៉ះពាល់ដល់ប្រព័ន្ធធនាគាររបស់យើង រាប់ទាំងធនាគារជាតិផង មិនថាតែធនាគារឯកជនទេ។ ជាឧបសគ្គមួយធំណាស់»។
សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា «អ៊ីចឹងហើយយើង ត្រូវយល់បញ្ហានេះឱ្យបានស៊ីជម្រៅទាំងអស់គ្នា ហើយយកចិត្តទុកដាក់អនុវត្តន៍ឱ្យបាន។ មិនត្រូវស៊ុគ្រលុំ វាបានផលប្រយោជន៍ទៅបុគ្គល បុគ្គលនេះ បុគ្គលនោះអ៊ីចឹងមែន ប៉ុន្តែយើងត្រូវគិតដល់ផលប្រយោជន៍ជាតិជាធំ ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។ អ៊ីចឹងហើយត្រូវប្តេជ្ញាធ្វើបញ្ហានេះឱ្យបាន»។
សូមជម្រាបថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គិតរហូតដល់ពេលនេះ លុយខុសច្បាប់នាំចូលមកប្រទេសកម្ពុជា ដែលសមត្ថកិច្ចឃាត់បាន នៅតាមច្រកអន្តរជាតិមានចំនួន ៧.៤លានដុល្លារអាមេរិកហើយ។ លុយខុសច្បាប់ទាំងនោះ ត្រូវបានតម្កល់នៅធនាគារជាតិ ដើម្បីស្រាវជ្រាវរកប្រភពដើម ចំណែកឯជនដែលនាំលុយខុសច្បាប់នេះ ចូលមកក៏ត្រូវបានឃុំខ្លួនផងដែរ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ពេលនេះ វាមានទាំងអស់ ៧,៤លានដុល្លារ ប៉ុន្តែលុយទាំងអស់នេះ គឺយើងឃាត់ទុកជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវ តើលុយនោះ មានប្រភពត្រឹមត្រូវ ឬមិនត្រឹមត្រូវ»។
លុយដុល្លារ ដែលមិនមានប្រភពច្បាស់លាស់ ត្រូវបានសមត្ថកិច្ចកម្ពុជា រឹបអូសបានជាបន្តបន្ទាប់ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ភាគច្រើននៃលុយគ្មានប្រភពច្បាស់លាស់ ដែលត្រូវចាប់បាននេះ នាំចូលដោយជនជាតិចិន មកពីហុងកុង៕