(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មិនត្រូវបន្ធូរដៃចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននោះឡើយ គឺត្រូវតែប្រឹងប្រែងយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំង ឲ្យបានខ្លាំងក្លាឡើងបន្ថែមទៀត។
ការបញ្ជាយ៉ាងដូច្នេះរបស់សម្តេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។
សម្តេចក្រឡាហោមបានថ្លែងផងដែរថា តាមរយៈយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានអនុវត្តន៍រយៈពេលជិត២ឆ្នាំនេះ ទទួលបានលទ្ធផលល្អ ហើយទទួលបានការសាទរ និងសប្បាយរីករាយពីប្រជាពលរដ្ឋ ដូច្នេះសមត្ថកិច្ចមិនត្រូវបន្ធូរដៃនោះទេ។
សម្តេចក្រឡាហោមបានថ្លែងយ៉ាងដូច្នេះថា «យើងមិនត្រូវបន្ធូបន្ថយទេ សកម្មភាពនេះ ស្ថិតនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។ ជាទូទៅប្រជាពលរដ្ឋលោកកំពុង តែអបអរសាទរ សប្បាយរីករាយ ចំពោះលទ្ធផល នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់យើង អ៊ីចឹងយើងមិនអាចបន្ធូបានទេ។ ជាពិសេសបន្តយកចិត្តទុកប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត។ ជាពិសេសត្រូវអនុវត្តន៍ឱ្យខាងតែបាន នូវការប្តេជ្ញាចិត្តរបស់យើង គឺការបោសសំអាត ការប្រើប្រាស់ ការចែកចាយ នៅតាមក្លឹបកម្សាន្តនានា នៅចុងឆ្នាំ២០១៩នេះ។ អ៊ីចឹងទេ សុំឱ្យគណៈបញ្ជាការរាជធានី-ខេត្ត ជាពិសេស គឺស្នងការនគរបាលរាជធានី-ខេត្ត ជាអ្នកដែលអនុវត្តន៍ការងារនេះ ដែលត្រូវខិតខំប្រឹងប្រែង»។
សូមជម្រាបថា រយៈពេលជាង៦ខែឆ្នាំនេះ ចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនចំនួន៤,៦០៨ករណី ឃាត់ខ្លួនមនុស្ស ១០,០១៨នាក់ (ស្រី៧៣៧នាក់) ក្នុងនោះជនបរទេស ១៨៧នាក់ (ស្រី៤០នាក់)។ ក្នុងចំណោមករណីបង្ក្រាបទាំងអស់ មានករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះចំនួន ២៨០៨ករណី ឃាត់ខ្លួនមនុស្ស៥៥៦៣នាក់ និងករណីប្រើប្រាស់១៨០០ករណី ឃាត់ខ្លួន៤៤៥៥នាក់ ព្រមទាំងបានឃាត់ខ្លួនតាមដីកា១៤៦នាក់ ដកហូតសារធាតុញៀនគ្រប់ប្រភេទជាង៣៤៥គីឡូក្រាម និង៤៤៤កញ្ចប់តូច៕