(ក្រចេះ)៖ សត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ មានសន្ទុះកើនឡើងចំនួន៦ក្បាល នៅដើមឆ្នាំ២០១៩នេះ។
តាមការបញ្ជាក់របស់អង្គការមូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ដែលជាអង្គការជួយលើគម្រោងអភិរក្សផ្សោតទន្លេមេគង្គបានឲ្យដឹងថា រយៈពេលថ្មីៗនេះ មានកូនផ្សោតមួយក្បាល ទើបនឹងកើតត្រូវបានក្រុមការងារស្រាវជ្រាវ របស់អង្គការ WWF-កម្ពុជា ប្រទះឃើញនៅអន្លង់ផ្សោតកាំពី ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក ម៉ុក ពន្លក នាយរងខណ្ឌជលផល និងប្រធានឆ្មាំទន្លេអភិរក្សសត្វផ្សោត ខេត្តក្រចេះ បានប្រាប់មកភ្នាក់ងារ Fresh News តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះថា កូនផ្សោតមួយក្បាល ទើបកើតថ្មីនេះ បានបង្ហាញវត្តមាន នៅក្នុងចំណោមហ្វូងសត្វផ្សោតធំ នៅអន្លង់ ផ្សោតកាំពី កាលពីពេលថ្មីៗនេះ ដែលប្រទះឃើញ ដោយក្រុមការងារស្រាវជ្រាវរបស់អង្គការ WWF-កម្ពុជា ប្រចាំខេត្តក្រចេះ។
លោកប្រធានរូបនោះ បានឲ្យដឹងបន្តទៀតថា កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតលើកទី៦ ហើយដែលត្រូវបានកត់ត្រាថា បានកើតនៅក្នុងឆ្នាំ២០១៩ ។
លោកបានបញ្ជាក់បន្ថែមទៀតថា សត្វផ្សោតធំមានតែជាង៧០ក្បាលទេ ក្នុងឆ្នាំ២០១៧ តែរហូតដល់ឆ្នាំ២០១៩នេះ សត្វផ្សោតមានដល់ជាង៩០ក្បាល ហើយកូនដែលមានអាយុក្រោម៥ឆ្នាំ មានចំនួនជាង៣០ក្បាល ដែលខាងមន្ត្រីជំនាញអង្គការ WWF មិនរាប់បញ្ជូលក្នុងសត្វផ្សោតធំ ជាក់ស្ដែងថ្មីៗនេះ កូនផ្សោតទើបនឹងកើត ជាលទ្ធផលថ្មីមួយទៀត ក្នុងឆ្នាំ២០១៩នេះ បញ្ជាក់អំពីកិច្ចខិតខំប្រឹង ប្រែងរួមគ្នា ក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា។
លទ្ធផលនេះ ជាការឆ្លុះបញ្ចាំងពីកិច្ច សហការដ៏ល្អប្រសើរ ក្នុងការងារអភិរក្សរវាង អង្គការ WWF-កម្ពុជា និងដៃគូអភិរក្សនានា ដូចជា អាជ្ញាធរ មូលដ្ឋាន ម្ចាស់មូលនិធិ អង្គការដៃគូប្រជាសហគមន៍ សាធារណជនទូទៅ និងជាពិសេស រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងអាជ្ញាធរថ្នាក់ខេត្ត ក្រចេះ៕