(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឆាត្រាប៉ាទី សាហ៊ុ ជី មហារាជ (CHHATRAPATI SHAHU JI MAHARAJ UNIVERSITY) នៃសាធារណរដ្ឋឥណ្ឌា បានសម្រេចប្រគល់សញ្ញាបត្រកិត្តិយសថ្នាក់ក្រោយបណ្ឌិត ផ្នែកវិទ្យាសាស្ត្រសង្គមជូន លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភាកម្ពុជា ដោយបានមើលឃើញពីការលះបង់ ការតស៊ូ និងពលីកម្មរបស់ លោកបណ្ឌិត ងួន ញ៉ិល នៅក្នុងការចូលរួមកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាំងពីដើមរហូតមក ពិសេសការចូលរួមកសាងនីតិរដ្ឋនៅកម្ពុជា តាមរយៈការអនុម័តច្បាប់នៅក្នុងរដ្ឋសភា។
ការប្រគល់សញ្ញាបត្របានរៀបចំធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។
លោកបណ្ឌិត ណារ៉េស ម៉ាលហូត្រា តំណាងសាកលវិទ្យាល័យ ឆាត្រាប៉ាទី សាហ៊ុ ជី មហារាជ (CHHATRAPATI SHAHU JI MAHARAJ UNIVERSITY) បានគូសបញ្ជាក់ថា ការសម្រេចផ្តល់សញ្ញាបត្រកិត្តិយសថ្នាក់ក្រោយបណ្ឌិត ផ្នែកវិទ្យាសាស្រ្តសង្គម ជូនដល់ លោកបណ្ឌិត ងួន ញ៉ិល នាពេលនេះ មិនមែនជាការចៃដន្យនោះទេ តែបានកើតឡើងពីការស្រាវជ្រាវ និងវាយតម្លៃពីគុណបំណាច់ដ៏ធំធេងរបស់ លោកអនុប្រធានទី១នៃរដ្ឋសភា ដែលបានបំពេញភារកិច្ចជូនជាតិ និងមាតុភូមិ តំាងពីដើមមក។ លោកបណ្ឌិតងួន ញ៉ិល បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ដើម្បីសង្គមជាតិ ច្រើនជាងការគិតពីប្រយោជន៍ផ្ទាល់ខ្លួន។
ចំណែកនៅក្នុងតួនាទីជាតំណាងរាស្រ្ត និងជាថ្នាក់ដឹកនាំរដ្ឋសភាមួយរូបនោះ លោកបណ្ឌិត បានចូលរួមកសាងនីតិរដ្ឋនៅកម្ពុជា។ រដ្ឋសភាកម្ពុជាបានតាក់តែង និងអនុម័តច្បាប់ប្រមាណ៥០០ច្បាប់។ នេះជាការលើកឡើងរបស់ លោកបណ្ឌិត ណារ៉េស ម៉ាលហូត្រា។
បើតាមការវាយតម្លៃរបស់ តំណាងសាកលវិទ្យាល័យ ឆាត្រាប៉ាទី សាហ៊ុ ជី មហារាជ លោកបណ្ឌិត ងួន ញ៉ិល ក៏បានកសាងកិត្យានុភាពដល់រដ្ឋសភាកម្ពុជា នៅលើឆាកអន្តរជាតិយ៉ាងច្រើនផងដែរ។ រដ្ឋសភាកម្ពុជា ដែលរួមចំណែកដឹកនាំដោយ លោកបណ្ឌិត ងួន ញ៉ិល បានរៀបចំកិច្ចប្រជុំ និងមហាសន្និបាត នៃវេទិកាអន្តរសភាជាច្រើននៅកម្ពុជា និងបានចូលរួមប្រជុំក្រៅប្រទេសជាច្រើនផងដែរ ដូចជានៅក្នុងតួនាទីជាសមាជិកអន្តរសភាអាស៊ាន សភាតំបន់អាស៊ី និងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាដើមនោះ។
លោកបណ្ឌិត ងួន ញ៉ិល ចាត់ទុកការផ្តល់សញ្ញាបត្រជូនលោកនៅពេលនេះ ជាការលើកទឹកចិត្តនិងបានវាយតម្លៃយ៉ាងខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង តស៊ូ លះបង់របស់លោក ដើម្បីប្រទេសជាតិ នាពេលកន្លងមក។ ជាពិសេសគឺនៅក្នុងការបំពេញតួនាទី ក្នុងនាមជាថ្នាក់ដឹករដ្ឋសភាមួយរូប ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
លោកបណ្ឌិត បានបន្តថា ការផ្តល់សញ្ញាបត្រនេះ ក៏បានវាយតម្លៃពីការចូលរួមចំណែករបស់លោកបណ្ឌិត ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗដែលមាន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាដើម។
«ការផ្តល់សញ្ញាបត្រនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះខ្ញុំ និងក្រុមគ្រួសារ និងស្ថាប័នរដ្ឋសភា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាជនខ្មែរទាំងមូល។ នេះជាការផ្តល់នូវកម្លាំងចិត្ត និងស្មារតីដល់ខ្ញុំ ឱ្យកាន់តែខិតខំបន្តសកម្មភាពបម្រើសង្គមទ្វេដងបន្ថែមទៀត ពិសេសការរួមចំណែកក្នុងកិច្ចការដឹកនាំស្ថាប័នរដ្ឋសភាប្រកបដោយវឌ្ឍនភាព និងភាពសុខដុមរម្យនា»។ នេះជាការគូសបញ្ជាក់របស់ លោកបណ្ឌិត ងួន ញ៉ិល។
ចំណែក លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងដែលជាតំណាងឲ្យមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់នោះ បានអបអរសាទរចំពោះកិត្តិយសជាសកលដែលលោកបណ្ឌិត ងួន ញ៉ិល ទទួលបាននាឱកាសនេះ។ លោក បានគូសបញ្ជាក់ថា «ជោគជ័យដែលឯកឧត្ដមបណ្ឌិតទទួលបាននាឱកាសនេះគឺជាកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ហើយក៏ជាជោគជ័យនៃប្រជាពលរដ្ឋខ្មែរគ្រប់រូប» ៕