(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់កម្លាំងនគរបាលយកចិត្តទុកដាក់គ្រប់គ្រងជនបរទេស ឱ្យបានម៉ត់ចត់ និងទទួលខុសត្រូវខ្ពស់។ សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា ត្រូវមានវិធានការចាប់បណ្តេញចេញពីកម្ពុជាជាបន្ទាន់ ចំពោះជនបរទេសជ្រៀតចូលមកកម្ពុជាដោយខុសច្បាប់។
ការក្រើនរំលឹករបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។
នៅក្នុងពិធីនោះសម្តេចក្រឡាហោម បានលើកឡើងថា ការគ្រប់គ្រងលើជនបរទេសនៅក្នុងប្រទេសកម្ពុជាជាកិច្ចការសំខាន់មួយដែលត្រូវតែយកចិត្តទុកដាក់ ដោយមិនត្រូវទុកឱ្យជនបរទេសស្ថិតនៅក្រៅសំណាញ់ច្បាប់ អាចបង្កឱ្យមានស្ថានភាពច្របូកច្របល់មិនអាចគ្រប់គ្រងបាន និងជះឥទ្ធិពលអវិជ្ជមាន ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម កម្មវិធីអភិវឌ្ឍន៍ជាតិ និងសិទ្ធិមនុស្សនោះ។
សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ឱ្យកងកម្លាំងសមត្ថកិច្ចទប់ស្កាត់ក្រុមជនបរទេសដែលជ្រៀតចូលមកកាន់កម្ពុជាដោយខុសច្បាប់ផងដែរ។ សម្តេចក្រឡាហោម បានបញ្ជាក់ថា ជនបរទេសដែលចូលមកខុសច្បាប់ត្រូវតែបណ្តេញចេញទៅវិញ ព្រោះវាជាគោលការណ៍អន្តរជាតិ។
«ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋានស្រុក ក្រុង ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងជនបរទេសឱ្យបានម៉ត់ចត់ ប្រកបដោយការទទួលខុសត្រូវ និងត្រូវមានវិធានការចាប់បណ្តេញចេញពីកម្ពុជាជាបន្ទាន់ចំពោះជនបរទេសទាំងឡាយណា ដែលច្រៀតចូលមកស្នាក់នៅខុសច្បាប់ ដើម្បីបង្ការទប់ស្កាត់កុំឱ្យស្ថានភាពច្រំដែលកើតមានឡើងសាជាថ្មី»។ នេះជាការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង នៅចំពោះមុខថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងកម្លាំងនគរបាលជាតិ។
ក្រៅពីការដាស់តឿនចាត់វិធានការចំពោះជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ហើយនោះ ក្នុងពិធីនាព្រឹកមិញនេះសម្តេចក្រឡាហោម ស ខេង បានណែនាំឱ្យកម្លាំងនគរបាលកម្ពុជាគ្រប់គ្រងឱ្យបានម៉ត់ចត់ទៅលើជនអន្តោប្រវេសន្តនៅកម្ពុជាផងដែរ ដោយអនុវត្តន៍តាមវិធានការច្បាប់ដែលកម្ពុជាមាន។
យោងតាមលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដែលបានអនុវត្តន៍រយៈពេល២ឆ្នាំ៦ខែ បានរកឃើញថា ជនបរទេសបែបអន្តោប្រវេសន្តនៅកម្ពុជាមានចំនួន ១១សញ្ជាតិ ៤៩,៦០៣គ្រួសារ ស្មើនឹង ១៨២,៦៧៣នាក់ នារី ៨២,៤៨៨នាក់។ ក្នុងនោះអាយុចាប់ពី ១៨ឆ្នាំឡើងទៅមានចំនួន ១២៥,៨៩៣នាក់ នារី ៥៤,៨៨២នាក់។
របាយការណ៍របស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឱ្យដឹងទៀតថា អ្នកកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី មានចំនួន ២០,២១៨គ្រួសារ ស្មើនឹង ៧៣,៣៩៧នាក់ នារី ៣៥,៨៨៨នាក់ អាយុចាប់ពី ១៨ឆ្នាំឡើងមានចំនួន ៥២,០៩១នាក់ នារី ២៥,៥៤២នាក់។
គណៈកម្មការជំរឿន និងគ្រប់គ្រងជនបរទេសរាជធានី ខេត្ត ដកហូតឯកសារជនបរទេសបែបអន្តោប្រវេសន្តដែលកំពុងប្រើប្រាស់បានចំនួន ៣៧,៤៤១ច្បាប់ ស្មើនឹង ៩៤.៩៨ភាគរយ។ ឯកសារត្រូវបានដកហូតពី ២០,០៩៣គ្រួសារ ស្មើនឹង ៦៩,៨៧១នាក់ នារី ៣៣,៨៣៣នាក់។ ក្នុងនោះអាយុ ១៨ឆ្នាំឡើងមានចំនួន ៥១,៧៨២នាក់ នារី ២៥,៦១៦នាក់ មាន១០សញ្ជាតិ។
ជនបរទេសដែលមិនបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្តមានចំនួន ១៦,៨៦៨គ្រួសារ ស្មើនឹង ៧៩,៣០៧នាក់ នារី ៣២,៤០៤នាក់។ អាយុ ១៨ឆ្នាំឡើង ៥៣,៩០២នាក់ នារី ២០,២០១នាក់ ស្មើនឹង ៤២.៨២ភាគរយ។
ក្នុងនោះជនបរទេសដែលមិនបានដាក់ពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍មានចំនួន ២១,០៣២គ្រួសារ ស្មើនឹង ៩៤,៥៦១នាក់ នារី ៤០,៣០៣នាក់ អាយុ ១៨ឆ្នាំឡើង ៦៣,៣៦២នាក់ នារី ២៤,៧៤៣នាក់ ស្មើនឹង ៥០.៣៣ភាគរយ៕