(ភ្នំពេញ)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាផលិតករភាពយន្ត «ជនដែលត្រូវគេបាញ់» បានអះអាងថា ខ្សែភាពយន្តនេះ ជាគម្រូវីរភាពដ៏ឧត្តុង្គឧត្តម គុណូបការៈដ៏ធំធេងមិនអាចកាត់បាន សម្រាប់យុវជនខ្មែរ។
ការអះអាងបែបនេះ របស់លោក ទៀ សីហា បានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ អមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងពិធីអបអរសាទរពិធីបើកដំណើរការ ផលិតភាពយន្ត «ជនដែលត្រូវគេបាញ់» ដោយមានការចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អ្នកនិពន្ធសៀវភៅ «ជនដែលគេបាញ់» ព្រមទាំងឥស្សរជនតស៊ូរំដោះជាតិ និងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធយ៉ាងច្រើនផងដែរ។
លោក ទៀ សីហា បានអះអាងយ៉ាងដូច្នេះថា៖ «ភាពយន្តនេះ បង្ហាញពីភាពកតញ្ញូរបស់យុវជនជំនាន់ក្រោយ ចំពោះគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងគុណូបការៈដ៏ធំធេងមិនអាចកាត់បាន ចំពោះឥស្សរជនគ្រប់ជំនាន់ ដែលបានពុះពារដ៏អង់អាចក្លាហាន ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង និងឆ្លងកាត់ឧបសគ្គការលំបាកយ៉ាងច្រើនឥតគណនា ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារទឹកដី កសាងសុខសន្តិភាព ឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជាយើង»។
លោកបានបន្តថា ការប្រមូលផ្តុំនូវបទពិសោធន៍ការងារ និងគំរូវីរភាពរបស់ឥស្សរជនជំនាន់មុនដែលជាធាតុចូលបន្ថែម រួមជាមួយចំណេះដឹង ផ្នែកបច្ចេកទេស សម័យទំនើប ដែលយុវជនជំនាន់ក្រោយទទួលបានពីការសិក្សា ចងក្រងផលិតភាពយន្ត រៀបចំឯកសាររក្សាទុក សម្រាប់សិក្សារៀនសូត្រនាពេលអនាគត ។
បន្ថែមពីនេះតាមរយៈខ្សែភាពយន្តនេះ គឺជាផ្នែកមួយបានរំឭកដល់យុវជនជំនាន់ក្រោយបានយល់កាន់តែច្បាស់នូវតម្លៃសុខសន្តិភាពចងចាំជានិច្ចនូវព្រឹត្តិការណ៍ដ៏ឈឺចាប់ខ្លោចផ្សា ពីអតីតកាល ធ្វើឱ្យប្រទេសជាតិស្ទើរតែត្រូវរលាយសូន្យ និងដើម្បីឱ្យយុវជនជំនាន់ក្រោយយល់ជ្រួតជ្រាប ឱ្យបានច្បាស់លាស់ត្រឹមត្រូវនូវប្រវត្តិសាស្រ្តជាតិពិត ដែលវិវត្តន៍ទៅតាមដំណាក់កាលនីមួយៗ បានឆ្លងកាត់ទុកជាមេរៀនដ៏មានតម្លៃសម្រាប់កសាង និងការពារជាតិរបស់យើងតទៅមុខទៀត។
ឆ្លៀតក្នុងឱកាសនេះ លោក ទៀ សីហា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចពិជ័យសេនា ដែលបានអនុញ្ញាតឱ្យក្រុមការងារ ផលិតភាពយន្ត «ជនដែលត្រូវគេបាញ់» ដែលជាការបង្ហាញពីប្រវត្តិជីវិតពិតរបស់ សម្តេចពិជ័យសេនា ក្នុងការចូលរួមចលនាតស៊ូរំដោះជាតិ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជាមួយគ្នានេះ ក៏សូមអរគុណចំពោះនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានចំណាយកម្លាំង ប្រាជ្ញាស្មារតី ពេលវេលា និងធនធានផ្ទាល់ខ្លួន ក្នុងការតាក់តែងនិពន្ធសៀវភៅ «ជនដែលត្រូវគេបាញ់» និងយល់ព្រមអនុញ្ញាត ឱ្យក្រុមការងារផលិតភាពយន្តចាប់ផ្តើមផលិតចាប់ពីពេលនេះតទៅ។
គួររំឮកថា នាទសវត្សឆ្នាំ៦០ ក្នុងពេលដែលប្រទេសជាតិទើបទទួលបានឯករាជ្យពីបារាំង រាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម បានខិតខំប្រឹងប្រែង ជំរុញការអភិវឌ្ឍន៍ទូទាំងប្រទេស ជាពិសេសទីក្រុងភ្នំពេញ ដោយឡែក តាចាតជាភូមិចុងកាត់មាត់ញកមួយ ដែលមានមេភូមិមេឃុំលួច ប្រើអំណាចជិះជាន់ប្រជាជនតាមអំពើចិត្ត។ សង្វាន ជាយុវជនមួយរស់នៅក្នុងនេះអ្នកភូមិ ភាគច្រើនរស់នៅក្នុងភាពអត្តខាត់ ហើយរដ្ឋអំណាចភូមិ-ឃុំ តែងតែកេងប្រវ័ញ្ច រឹបអូសស្រូវអង្ករ អ្នកស្រុកនិងរំលោភប្រពន្ធកូនអ្នកភូមិ។
គ្រួសារសង្វាន និងអ្នកភូមិផ្សេងទៀត ក៏ចៀសមិនផុតពីការជិះជាន់សិទ្ធិសេរីភាពនេះដែរ ដែលជាហេតុធ្វើឱ្យសង្វាន និងអ្នកភូមិកើតចិត្តគំនិតប្រឆាំង នឹងទង្វើជិះជាន់បែបនេះ។ មេភូមិ ហ្វឿង បានបញ្ជាឱ្យចាប់ប្អូនស្រីសង្វាន យកទៅជូនលោកកុម្មុយសៀប៉ូលិស (ស្នងការប៉ូលិស) បម្រើការសប្បាយក្នុងផ្លូវតណ្ហា។ រឿងនេះធ្វើឱ្យសង្វានខឹងជាខ្លាំង ហើយប្រឆាំងដាច់ខាតដើម្បីការពារប្អូនស្រីរបស់ខ្លួន។
អំពើអយុត្តិធម៌ទាំងអស់នោះ ហើយធ្វើឱ្យសង្វានជាគ្រូបង្រៀនវ័យក្មេង កើតចិត្តស្អប់ខ្ពើមការជិះជាន់ ហើយក្រោកឡើងប្រឆាំង។ ដោយគំនុំបុគ្គល និងការប្រើអំណាចក្រៅប្រព័ន្ធច្បាប់ អជ្ញាធររដ្ឋអំណាចឃុំបានចាប់ខ្លួនសង្វានយកទៅបាញ់សម្លាប់ ចោលនៅភ្នំកោះអណ្តែត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៦៥។ ចៃដន្យសង្វាន ត្រូវគេបាញ់មិនស្លាប់ ហើយព្យាយាមរត់គេចយ៉ាងប្រផិតប្រផើយចូលទៅលាក់ខ្លួនក្នុងព្រៃ។ ក្រោយហេតុការណ៍នេះមក សង្វានបានប្តូរឈ្មោះមកជា ទៀ បាញ់។
រយៈពេល៥ឆ្នាំ ទៀ បាញ់ និងអ្នកភូមិជាច្រើនមកពីទីកន្លែងផ្សេងគ្នាដែលគេចពីការធ្វើបាបរបស់រដ្ឋអំណាចមូលដ្ឋាន បានរស់នៅក្នុងព្រៃបង្កើត ជាកម្លាំងតស៊ូមួយ ដើម្បីជួយប្រជាជនក្នុងតំបន់នោះ។ ជីវិតរស់នៅក្នុងព្រៃបានធ្វើឱ្យយុវជន ទៀ បាញ់ ជួបនឹងនាង តៅតឿន ជាអ្នករត់គេចខ្លួន ពីការធ្វើបាបរបស់រដ្ឋអំណាចដូចគ្នា ថែមទាំងជាគ្រូពេទ្យផង។ ដោយមាននិស្ស័យ និងចិត្តគំនិតស្រដៀងគ្នា ពន្លកស្នេហាមួយ ក៏បានលូតលាស់ឡើង នៅកណ្តាលព្រៃភ្នំក្នុងជំរំអ្នកលាក់ខ្លួន។ ភាពលំបាកនៃជីវិត ការលាក់ខ្លួនការទប់ទល់ពីការរុកកួន របស់រដ្ឋអំណាចបានធ្វើឱ្យ ទៀ បាញ់ ក្លាយទៅជាអ្នកគ្រប់គ្រង និងអ្នកដឹកនាំក្នុងក្រុមមួយដ៏អង់អាច។
រដ្ឋាភិបាលសាធារណរដ្ឋខ្មែរយល់ថា មានក្រុមតស៊ូជាច្រើនប្រឆាំងនឹងរបបខ្លួន ហើយមានផែនការកម្ទេចក្រុមទាំងនោះក្នុងនោះក្រុមយុវជន ទៀ បាញ់ ក៏ត្រូវបានគេយល់ច្រឡំថាជាផ្នែកមួយនៃក្រុមចលនាបះបោរទាំងនោះផងដែរ។ កងទ័ពសាធារណរដ្ឋលើកទាហានមកកម្ទេចជំរុំរបស់យុវជន ទៀ បាញ់ ធ្វើឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន តែចុងក្រោយក៏ត្រូវបានក្រុមតាសាយភូថង និងតាឆែម (ឪពុកនារី តៅតឿន) មកជួយរំដោះទាន់ពេល។
ក្រោយមកក្រុមរបស់ ទៀ បាញ់ បានចូលរួមរំដោះប្រទេសជាមួយរណសិរ្ស ២ធ្នូ ដែលមានសមមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម និងសមមិត្ត ហ៊ុន សែន ជាអ្នកដឹកនាំរំដោះបានខេត្តកោះកុង និងកំពង់សោម ពីពួកខ្មែរក្រហម នៅថ្ងៃទី១៧ មករា ១៩៧៩៕