(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដី ក្នុងគម្រោងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការរៀបចំសន្តិសុខ សុវត្ថិភាពសម្រាប់កិច្ចប្រតិបត្តិការអាកាសយានគ្រប់ប្រភេទ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីលោកបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមនឹងសមាជិកក្រុមការងារអន្តរក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធសរុប៣០រូប។

កិច្ចប្រជុំបន្ទាន់នោះដើម្បីពិនិត្យ ពិភាក្សាលើការងាររួមមាន៖

* ទប់ស្កាត់ និងមានវិធានការលើការសាងសង់សំណង់ជាប់ក្បែររបង ជុំវិញបរិវេណដីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ
* ទប់ស្កាត់ និងមានវិធានការលើការសាងសង់សំណង់នៅមុខផ្លូវរត់ RWY21 និងRWY03
* ពិភាក្សារកដំណោះស្រាយជាមួយប្រជាពលរដ្ឋ ៦២គ្រួសារ ដែលរស់នៅជាប់របងកែងផ្លូវចូល អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ
* រៀបចំដាក់គ្រឿងចក្រសាងសង់ របងការពារសុវត្ថិភាព ក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ ដែលនឹងបើកការដ្ឋាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។
* រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងផ្សព្វផ្សាយលិខិតបទដ្ឋានស្តីពីការកំណត់គមស់ឧបសគ្គ នៅតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ជូនអាជ្ញាធរពាក់ព័ន្ឋនៃរដ្ឋបាលខេត្តព្រះសីហនុ។

ជាលទ្ធផលអង្គប្រជុំបានសម្រេចដូចខាងក្រោម៖

១៖ ប្រគល់ភារកិច្ចជូនអាជ្ញាធរមូលដ្ឋាន (ខេត្តស្រុក ឃុំ និងភូមិ) សហការជាមួយអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្នុងការចាត់វិធានការទប់ស្កាត់ រាល់ការសាងសង់សំណង់ក្បែរជាប់របងសំណង់មុខផ្លូវរត់ RWY21 និង RWY03 និងការសាងសង់សំណង់ក្នុងបរិវេណ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ។

២៖ ប្រគល់ភារកិច្ចជូនអាជ្ញាធរខេត្តព្រះសីហនុ សហការជាមួយក្រុមការងារអន្តរក្រសួង និងក្រសួងបរិស្ថាន បន្តពិភាក្សារកដំណោះស្រាយជាមួយប្រជាពលរដ្ឋ ៦២ គ្រួសារ ដែលបាននឹងកំពុងរស់នៅជាប់របងកែងផ្លូវ ចូលអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ។

៣៖ ដាក់គ្រឿងចក្រដំណើរការសាងសង់របងការពារសុវត្ថិភាពដី តំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។