(កំពង់ចាម)៖ លោក វេង សាខុន សមាជិកគណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ជាតិចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំយកបច្ច័យ ទេយ្យទាន ទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមការងារមកប្រគេនជូនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ក្នុងវត្តចំនួន១១វត្ត ក្នុងឃុំចំនួន៤ ក្នុងស្រុកកំពង់សៀម។
ឆ្លៀតយកឱកាសនេះ លោកក៏មានបំណងចុះទៅពិនិត្យ និងតាមដានសកម្មភាពអនុវត្តគោល នយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មផងដែរ និងជាពិសេសដើម្បីស្តាប់ និងទទួលយកសំណូមពរ ឬបញ្ហារបស់បងប្អូនប្រជាពលរដ្ឋ មកធ្វើការដោះស្រាយជាបណ្តើរៗ បំណងជួយសម្រាលទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងសេចក្តីសុខចម្រើនរបស់ពួកគាត់ ឲ្យបានទាន់ពេលវេលា។
លោក វេង សាខុន បានធ្វើការសំណេះសំណាល ដោយបានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចប្រធានរដ្ឋសភា ស្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំកំពូលមួយចំនួនទៀត មកជូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម និងជាពិសេសប្រជាពលរដ្ឋ ដែលអញ្ជើញមកពីឃុំទាំង៤ និងសូមជូនពរឲ្យជួបតែសេចក្តីសុខ ចម្រើន និងមានសុភមង្គលគ្រប់ៗគ្នា។
លោកបានលើកយកដំណើរវិវឌ្ឍន៍របស់ប្រទេសជាតិ យើងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយចាប់ផ្តើមតាំងពីបាតដៃទទេក្រោយថ្ងៃរំដោះ៧មករា រហូតមកទល់ពេលបច្ចុប្បន្ន ដែលប្រទេសយើង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានឈ្មោះបោះសំឡេងទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ការរីកចម្រើនលើវិស័យកសិកម្ម ការអប់រំសិក្សាធិការ សុខាភិបាល សេវាសាធារណៈ ទេសចរណ៍ វិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ប្រៀបបានសរសៃឈាម របស់សង្គមសម្រាប់លំហូរកសិផល និងទេសចរណ៍ ដែលវាជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងនិរន្តរភាព។
លោកបន្តថា តាមរយៈកំណើននេះ ធ្វើឲ្យឈ្មោះប្រទេសយើង ត្រូវបានលុបចេញពីបញ្ជីថាជាប្រទេសក្រីក្រ ហើយសរសេរមកជាប្រទេសមានចំណូលមធ្យមកម្រិតទាបវិញ។ ទោះជាយ៉ាងនេះក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី នៅតែចិញ្ចឹមចិត្តមានមហិច្ឆិតាចង់ប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងកម្រិតខ្ពស់ នាឆ្នាំ២០៥០។ មហិច្ឆិតានេះ អាចសម្រេចទៅបាន ដ៏រាបណាប្រទេសយើងមានសុខន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ចពេញលេញទូទាំងផ្ទៃប្រទេស។
លោកបានអំពាវនាវ ឲ្យប្រជាពលរដ្ឋទូទាំងប្រទេស និងទូទាំងស្រុកកំពង់សៀម សូមបន្តថែរក្សា សមិទ្ធផល ដ៏មានតម្លៃរបស់ជាតិយើង និងថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ឲ្យបានឋិតថេរគង់វង្សតរៀងទៅ។
ក្នុងនាមក្រុមការងារថ្នាក់កណ្តាល និងក្នុងនាមខ្លួនលោកផ្ទាល់ លោកបានសម្តែង អំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម និងជាពិសេសបានបរិច្ចាគថវិកា ជូនក្រុមការងារយកមកប្រើប្រាស់បម្រើ ឲ្យវិស័យព្រះពុទ្ធសាសនា។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសមាជិកក្រុមការងារ សប្បុរសជន ពុទ្ធបរិស័ទនៅទីជិតឆ្ងាយ ដែលបានចាប់មគ្គផលធ្វើបុណ្យ សូមទទួលយកនូវផលានិសង្ឃតាមសទ្ធារៀងៗខ្លួន និងសូមទទួលយកនូវពរជ័យទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា វត្តទាំង ១១ ក្នុងឃុំទាំង៤ គឺឃុំក្រឡាមាន៣វត្ត (វត្តអង្គួញដី វត្តពុទ្ធិការាម និងវត្តភ្នំប្រុស) ឃុំវិហារធំមាន៤វត្ត (វត្តអណ្តូងស្វាយ វត្តក្តីបឹង វត្តវិហារធំ និងវត្តគងមហា) ឃុំហាន់ជ័យមាន៣វត្ត (វត្តហាន់ជ័យ វត្តមាន់ហើរ និងវត្តក្រូចសើច) និងឃុំគគីមាន១វត្ត (វត្តគគរ) ដោយយកវត្តសុវណ្ណគិរីរតនភ្នំប្រុស ជាកន្លែងប្រារព្វពិធី។
វត្តនីមួយៗក្រៅពី ទទួលបានទៀនវស្សា ០១គូ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ បច្ច័យ និងសម្ភារផ្សេងៗទៀត ក៏ទទួលបានថវិកាចំនួន ១ លានរៀនស្នើៗគ្នា។ ដោយឡែក ពុទ្ធបរិស័ទដែលបានអញ្ជើញមកចូលរួមចំនួន ២០០នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕