(ស្ទឹងត្រែង)៖ នៅមន្ទីរពាណិជ្ជកម្ម ខេត្តស្ទឹងត្រែង នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ មានការដាក់តាំងពិពណ៌ ផលិតផលក្នុងស្រុកចំនួន ១០មុខ ដែលបានមកពីបណ្តាសហគមន៍ ក្នុងខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោក យង់ សុវឌ្ឍនា អភិបាល រងខេត្ត, លោក អួង សុខន អគ្គនាយករង អគ្គនាយកដ្ឋានជុំរុញពាណិជ្ជកម្ម រួមនិងមន្រ្តីរាជការ តាមបណ្តាមន្ទីរក្នុងខេត្តចូលរួម។
ក្នុងពិធីនោះ លោក អួង សុខន អគ្គនាយករង អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានថ្លែងថា ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ នូវផលិតផលក្នុងស្រុករបស់សហគមន៍នេះ សូមខាងមន្ទីរពាណិជ្ជកម្មខេត្ត រៀបចំចុះបញ្ជី ការឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលយកផលិត ទៅប្រកួតប្រជែងនៅលើទីផ្សារនានា។
លោក អួង សុខន បានបន្តថា នៅខេត្តស្ទឹងត្រែង លោកសង្កេតឃើញ មានផលិតផលចំនួនពីរ ដែលមានសក្តានុពលជាងគេ គឺទឹកត្រីប៉ាសេអ៊ី នៅសហគមន៍កោះព្រះ និងម្នាស់ទឹកឃ្មុំ នៅឃុំអូរឬស្សីកណ្តាល ស្ថិតនៅក្នុងស្រុកសៀមបូក ។
លោក អ៊ូន សុខា ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តស្ទឹងត្រែង បានឲ្យដឹង ថា ពិធីតាំងបង្ហាញផ្សព្វផ្សាយ និងប្រឹក្សាយោបល់លើផលិតផលខ្មែរ នេះ ក៏នឹងចូលរួមចំណែកបន្ថែមដល់ការពង្រឹង សមត្ថភាពប្រកួតប្រជែង ការបង្កើនផលិតភាព បង្កើនតម្លៃបន្ថែមលើ ផលិតផល ក្នុងការពង្រឹងគុណភាពផលិតផល និងសេវាបង្កើតឱកាសការងារថ្មីៗ ដែលកត្តានេះ នឹងជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ៕