(ត្បូងឃ្មុំ)៖ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋចៀសវាង ក្នុងការខ្ចីបា្រក់ពីឈ្មួញខ្ចី ដែលចងការប្រាក់ មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ការអំពាវនាវរបស់លោក គិត សុវណ្ណារិទ្ធ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រៀបចំធ្វើនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោក គិត សុវណ្ណារិទ្ធ បានឲ្យដឹងថា ប្រជាពលរដ្ឋត្រូវចៀសវាងក្នុងការខ្ចីប្រាក់ពី មួយកន្លែងយកទៅសងមួយកន្លែងទៀត ព្រោះការធ្វើបែបនេះអាចធ្វើឲ្យខ្លួនជាប់បន្ទុកបំណុល កាន់តែច្រើនឡើងៗ ហើយទីបំផុត នឹងធ្លាក់ខ្លួនក្នុងស្ថាភាព «បំណុលលើសលប់» ព្រោះតែលើសពី សមត្ថភាពនៃត្រូវសងត្រលប់ទៅវិញ។
លោកបន្ថែមថា ដើម្បីទប់ស្កាត់បញ្ហានេះ កន្លងមកធនាគារជាតិបានរួមសហការ ជាមួយផ្នែកពាក់ពន្ធ័ទប់ស្កាត់អំពី បញ្ហាបំណុលលើសលប់នេះ តាមរយៈយន្តការជាច្រើន ក្នុងនោះរួមទាំងតាមរយៈ សិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានេះ ដើម្បីអប់រំផ្នែកហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់សេវាធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីការពារខ្លួនកុំឲ្យធ្លាក់ក្នុងបំណុលលើសលប់។
លោកបន្ដថា ទន្ទឹមនឹងនេះធនាគារជាតិបានសហការ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,
ក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ ដើម្បីចាត់វិធានការលើក្រុមហ៊ុនណា ដែលផ្ដល់ឥណទានដែលពុំមានច្បាប់អនុញ្ញតនោះផងដែរ។
លោកអគ្គនាយករងរូបនោះ បានស្នើដល់អាជ្ញាធរមូលដ្ឋាន ឲ្យបន្តរួមសហការគ្នាអនុវត្តច្បាប់ និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល, ជនខិលខូច និងអ្នករកស៊ីខ្ចីចងការបា្រក់ ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
លោក គិត សុវណ្ណរិទ្ធ ក៏បានស្នើដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវបន្តផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងការប្រកួតប្រជែងដោយតម្លាភាព ស្របតាមប្រកាសនានា របស់ធនាគារជាតិនៃកម្ពុជា និងក្រមប្រតិបត្តិរបស់គ្រឹះស្ថានក៏ដូច ជាពង្រឹងការអនុវត្តតាមគោលការណ៍នៃកិច្ច ការពារអតិថិជនរបស់ SMART Campaign។
សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០១៩ នៅទូទាំងប្រទេស មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧៤, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន៧, និងមានគ្រឹះស្ថានឥណទានជនបទ២៥៧ ដែលមានបណ្តាញប្រតិបត្តិការនៅទូទាំងផ្ទៃប្រទេស។ ចំណែកទំហំប្រាក់កម្ចីមានប្រមាណ២៣.០៣ទ្រីលានរៀល (ស្មើនឹង៥.៧៥ប៊ីលានដុល្លារអាមេរិក) កំពុងផ្តល់ដល់អតិថិជនខ្ចីប្រមាណ២.១៦លាននាក់ និងបា្រក់បញ្ញើមានប្រមាណ១១.៧០ ទ្រីលានរៀល (ស្មើនឹង២.៩២ប៊ីលានដុល្លារអាមេរិក)៕