(កំពង់ស្ពឺ)៖ រូបព្រះពុទ្ធបដិមាមួយចំនួន ស្ថិតក្នុងវត្ត ព្រះពុទ្ធត្រ័យរ័ត្នសាមគ្គី នៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលទើបនឹងកសាងហើយរួចរាល់ ត្រូវបានប្រារព្ធពិធី អភិសេកបុណ្យឆ្លង និងសម្ពោធនៅព្រឹកថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្ស៊ី ព្រមជាមួយវត្តមានអញ្ជើញចូលរួមពីលោក សរ សុទុត្រា អភិបាលរងខេត្តកំពង់ស្ពឺ។
លោក សុខ សំណាង តំណាងអ្នកចូលរួមសាងសង់រួបព្រះបដិមា បានឲ្យដឹងថា គោលបំណងដឹងនាំ កសាងរូបព្រះពុទ្ធបដិមាធំៗ នៅទីធ្លាវត្តដើម្បីលើកកម្ពស់ ព្រះពុទ្ធសាសនាផង និងងាយស្រួលប្រជាពុទ្ធបរិស័ទ លើកដៃប្រណមឧទ្ទិស ចំពោះព្រះរតនៈត្រ័យ ដោយមិនចាំចូលទៅក្នុងព្រះវិហារ។ លោកក៏បានបន្ថែមទៀតថា វត្តព្រះពុទ្ធត្រ័យរ័ត្នសាមគ្គី ពិតជាមានភ័ព្វសំណាងជាលើកទី២ ដែលលោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន និងលោកស្រី ទេព រង្ស៊ី អញ្ជើញចូលរួមជាអធិបតី និងថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មាន។
កាលពីលើកទី១ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ លោក ខៀវ កញារីទ្ធ និងលោកស្រី អញ្ជើញដាំដើមពោធិ៍ព្រឹក្ស និងដើមនិគ្រោធព្រឹក្ស ដោយផ្ទាល់ដៃ ដែលបានដង្ហែមកពីដែនដីពុទ្ធភូមិ នៃប្រទេសឥណ្ឌា។
ថ្លែងនាឱកាសនោះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបានសំដែងនូវការរីករាយ ដោយបានឃើញពីភាពរីកចំរើន យ៉ាងឆាប់រហ័សនៅក្នុងវត្ត ព្រះពុទ្ធត្រៃរតនៈសាមគ្គីនេះ ដែលជាការបង្ហាញ ពីការរួមសហការសាមគ្គីគ្នា ក្នុងការកសាងនូវសមិទ្ធិផលនានាជាច្រើន ឲ្យកើតចេញជារូបរៀង ដើម្បីជម្រុញធ្វើយ៉ាងណា ឲ្យមានភាពល្បីសុះសាយ ក្នុងការផ្សព្ធផ្សាយ នូវព្រះធម៏ដ៏ល្អផូរផង់ នៃពុទ្ធសាសនិកជនខ្មែរទូទៅ។
លោករដ្ឋមន្រ្តី បានលើកឡើងពីការស្រាវជ្រាវ ដែលបង្ហាញដោយអង្គការសហប្រជាជាតិ កាលពីពេលកន្លងទៅនេះ គឺការវាស់អាយុប្រជាជននៅលើពិភពលោក ក្នុងនោះប្រទេសមានការអភិវឌ្ឍខ្ពស់ ភាគច្រើនអាយុរហូតដល់ ៩០ឆ្នាំ ហើយសម្រាប់កម្ពុជា មានអាយុរស់នៅយ៉ាងតិច ៧០ឆ្នាំ ខុសពីកាលពីជំនាន់ ទើបតែរួចផុតពីរបបខ្មែរក្រហម ដែលគេប៉ាន់ស្មានថា រស់បានត្រឹមតែអាយុ ៤០ឆ្នាំប៉ុណ្ណោះ ដោយសារប្រទេស នៅមានសង្រ្គាម និងប្រជាជនមានជំងឺប្រចាំកាយយ៉ាងច្រើន។
ជាមួយនេះ លោក ខៀវ កាញារីទ្ធ បានប្រគេនបច្ច័យ ដល់ព្រះសង្ឈចំនួន ១០អង្គ ក្នុង ១អង្គ ក្នុង ១អង្គ ៧ ម៉ឺនរៀល បន្ថែមលើបច្ច័យ ដែល លោក សុខ សំណាង ដែលបានរៀបចំប្រគេន ១អង្គ ៥ម៉ឺនរៀល។ ជាមួយនេះ លោកគ្រូ អ្នកគ្រូ ១៥នាក់ ក្នុងម្នាក់ៗទទួលបានចវិកា ៥ម៉ឺនរៀល ក្នុងនោះថវិកា លោក ខៀវ កាញារីទ្ធ និងលោកស្រី បានឧបត្ថម្ភជូន ដែលក្នុងម្នាក់ ៣ម៉ឺនរៀល។
សម្រាប់តាជី យាយជី៤០នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល ប្រជាពលរដ្ឋក្រីក្រ ចំនួន ១៥០នាក់ ទទួលបានថវិកា ម្នាក់ៗ២ម៉ឺនរៀល សិស្សានុសិស្ស និងកុមារកំព្រា ចំនួន ១៦០ នាក់ ម្នាក់ៗ ទទួលបានសៀវភៅ ប៉ិច ខ្មៅ ដៃ និងថវិកា ១ ម៉ឺនរៀល។
នៅក្នុងពិធីនោះដែរ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី ទេព រស្ស៊ី បានប្រគេនបច្ច័យកសាងដល់វត្តព្រះពុទ្ធត្រ័យរ័ត្នសាមគ្គី ចំនួន ១០លានរៀល ហើយជាមួយនេះថ្នាក់ដឹកនាំ មន្រ្តីនៃក្រសួងព័ត៌មានក៏បានចូលបច្ច័យ សរុប៧លាន ៣សែន ៨ម៉ឺនរៀល និង៣០០ដុល្លារ។
ជាមួយគ្នានេះដែរ បណ្តាសប្បុរសជន និងបណ្តាក្រុមហ៊ុនឯកជន ចំនួន៤ បានចូលរួមជាបច្ច័យកសាងចំនួន ៣ពាន់១រយដុល្លា និង ១លានរៀល ដល់វត្តព្រះពុទ្ធត្រ័យ រ័ត្នសាមគ្គី នេះផងដែរ។
រូបព្រះពុទ្ធបដិមានានា ដែលប្រារព្ធពិធី អភិសេក និងបុណ្យឆ្លង នាឱកាសនេះរួមមាន
១៖ព្រះពុទ្ធបដិមា ទ្រង់ប្រទានអភ័យ ពណ៌សំរិទ្ធ មានកំពស់ ៤.២ម៉ែត្រ និងបល្ល័ង្គ អស់ថវិកាចំនួន ៨.០០០$ កសាងដោយព្រះវិជ្ជារង្សី ឈឹម សំអាត គង់នៅសហរដ្ឋអាមេរិក និងព្រះចៅ អធិការវត្ត។
២៖ ព្រះពុទ្ធបដិមា ទ្រង់រំពឹង ពណ៌សំរិទ្ធ មានកំពស់ ៤.២ម៉ែត្រ និងបល្ល័ង្គ អស់ថវិកាចំនួន ៨ ០០០$ កសាងដោយលោក នួន សុខ និងលោកស្រី ។
៣៖ ព្រះពុទ្ធបដិមា ចូលបរិនិពាន្វ មានបណ្តោយ ៦ម៉ែត្រ អស់ថវិកាចំនួន ១.៧៥០$ កសាងដោយ ថវិកាដោយលោក តាំង កក់ និងក្រុមញាតិមិត្តរបស់លោក ដោយឡែកបល្ល័ងព្រះបរិនិពាន្វ កសាងថវិកាវត្តអស់ចំនួន ៣.៨៥០$ ។
៤៖ ព្រះពុទ្ធបដិមា និងនាងសុជាតា និងខឿន កសាងដោយ លោក អ៊ូ ទូច និងលោកស្រី អន សុផាន់នី លោក សុខ សារី និងអ្នកស្រី ផាន់ ស្រីទូច និងវេជ្ជបណ្ឌិត ណក់ ពេជ្រពិជ័យ អស់ថវិកាចំនួន ៦.៧៤៥$ ៕