(ព្រៃវែង)៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានថ្លែងថា មូសខ្លាញី ជាភ្នាក់ងារតែមួយមុខគត់ ចម្លងនូវជំងឺគ្រុនឈាម ដល់បុត្រធីតា និងគ្រួសាររបស់លោកអ្នក ដែលបណ្ដាលឱ្យគ្រោះថ្នាក់ដល់ជីវិត, ដូច្នេះសូមប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមទាំងអស់គ្នាក្នុងការលុបបំបាត់ជម្រកមូសខ្លា គឺត្រូវលុបបំបាត់ជម្រកដង្កូវទឹក រាល់កន្លែងដែលមានទឹកដក់ថ្លា សំបកកង់ឡាន កង់ម៉ូតូ កំប៉ុង ដប ចានស្នោ ថូទ្រជើងតុទូ អាង និងពាងទឹក និងវត្ថុអាចដក់ទឹកបានផ្សេងៗ ព្រោះមូសខ្លា មិនពងនៅកន្លែងទឹកស្អុយ ឬទឹកលូនោះទេ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងបន្ដថា ឆ្នាំនេះជាឆ្នាំមួយនៃវដ្ដផ្ទុះនូវជំងឺគ្រុនឈាមនៅលើពិភពលោក ដែលជាវដ្ដមានជារៀងរាល់ ៥-៦ឆ្នាំម្ដង។ តែទោះជាយ៉ាងណា ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានដាក់ចេញនូវវិធានការរួចជាស្រេចហើយ ដើម្បីទប់ស្កាត់ករណីឈឺ និងស្លាប់ដោយជំងឺគ្រុនឈាម ពិសេស បណ្ដុះបណ្ដាលនូវគ្រូពេទ្យរបស់យើងទាំងអស់ ក្នុងការសង្គ្រោះជីវិតរបស់លោកអ្នកពីជំងឺគ្រុនឈាម។
ជាងនេះទៅទៀត លោកស្រីវេជ្ជបណ្ឌិតបន្ដថា «រហូតមកដល់ខែកក្កដានេះ មន្ដ្រីសុខាភិបាលយើងទាំងអស់ បន្ដការខិតខំប្រឹងប្រែង ទាំងការពិនិត្យព្យាបាល ចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យមានការយល់ដឹងកាន់តែច្បាស់ ពីប្រភពចម្លងជំងឺគ្រុនឈាម ការការពារ ការលុបបំបាត់ និងការសម្គាល់នូវរោគសញ្ញានៃជំងឺគ្រុនឈាម» ។
លោកស្រីបានបន្តថា ជាក់ស្ដែងដូចពេលនេះ យើងបានដឹកនាំមន្ដ្រីក្រុមការងារសុខាភិបាល ខេត្ដព្រៃវែង ដែលជាខេត្ដមួយ ក្នុងចំណោមខេត្ដចំនួន៩ កំពុងប្រឈមមុខខ្ពស់នឹងជំងឺគ្រុនឈាម មកចុះអប់រំ និងដាក់ថ្នាំអាបែត នៅតាមពាងទឹក ឬអាងទឹក នៅតាមផ្ទះរបស់ប្រជាពលរដ្ឋយើង ជាពិសេស ណែនាំគាត់ បើកូនក្ដៅខ្លួនខ្លាំង ក្នុងរយៈពេល២ថ្ងៃ ឬតិចជាង៧២ម៉ោង សូមប្រញាប់បញ្ជូនកូនលោកអ្នកទៅកាន់មន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះលោកអ្នក ដោយហាមដាច់ខាត ទៅពេទ្យឯកជនណា គ្មានជំនាញ ឬឯកទេសព្យាបាលជំងឺគ្រុនឈាមនេះ ព្រោះវានឹងបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត មុនបញ្ជូនមកដល់មន្ទីរពេទ្យរដ្ឋយើង។
លោកស្រីវេជ្ជបណ្ឌិតបន្ដថា «នៅមន្ទីរពេទ្យរដ្ឋរបស់យើង មានគ្រូពេទ្យមានសមត្ថភាព និងជំនាញច្បាស់លាស់ ជាមួយនឹងបទពិសោធន៍ព្យាបាលជំងឺគ្រុនឈាមនេះ ជាពិសេសពេទ្យរបស់យើង អាចគ្រប់គ្រងករណីជំងឺគ្រុនឈាមបានយ៉ាងល្អ។ តែទោះជាយ៉ាងណា គឺទាមទារពីការចូលរួមចំណែករបស់ពលរដ្ឋ ក្នុងការប្រុងប្រយ័ត្ន ដោយខ្លួនឯង តែការការពារ និងប្រើប្រាស់ថ្នាំ ដោយមិនមានវេជ្ជបញ្ជា ពីគ្រូពេទ្យជំនាញ លើសពីនោះ ថ្នាំខ្មែរនានា ដែលបណ្ដាលឱ្យយឺតយ៉ាវមុនបញ្ជូនមកមន្ទីរពេទ្យ»។
សូមជម្រាបថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំមន្ដ្រីសុខាភិបាលខេត្ដព្រៃវែង ចុះទៅពិនិត្យតាមដានស្ថានភាពជំងឺគ្រុនឈាម នៅតាមមន្ទីរពេទ្យ ចុះអបរំសិស្សានុសិស្សនៅតាមសាលារៀន និងតាមផ្ទះ រួមទាំងដាក់ថ្នាំអាបែត នៅតាមផ្ទះប្រជាពលរដ្ឋផងដែរ ។
គិតត្រឹមពីខែមករា ដល់សប្ដាហ៍ទី២ ខែកក្កដា ឆ្នាំ២០១៩នេះ អ្នកកើតជំងឺគ្រុនឈាម មានរហូតដល់ទៅ ២១,១៣០នាក់ ស្លាប់២៥នាក់ (អត្រាស្លាប់ ០.១២%) ក្នុងនោះខេត្ដចំនួន៩កំពុងប្រឈម (ឡើង,ចុះ) និង១៦ខេត្ដទៀតមានការថយចុះ។ ខេត្ដដែលកំពុងប្រឈម ឡើងចុះនៃជំងឺគ្រុនឈាមនេះ រួមមាន៖ ខេត្ដព្រៃវែង សៀមរាប ព្រះវិហារ កំពង់ស្ពឺ កណ្ដាល កែប កំពត មណ្ឌលគិរី និងក្រចេះ។
កាលពីដើមឆ្នាំ២០១៩ ក្រសួងសុខាភិបាល ក៏បានត្រៀមរួចជាស្រេច នូវថ្នំាអាបេត ថ្នាំបាញ់មូស សឺរ៉ូមសម្រាប់ព្យាបាលចំនួន និងបានចែកចាយរួចជាស្រេច ទៅដល់មន្ដ្រីក្រុមការងារនៅទូទាំង២៥ រាជធានី-ខេត្ដ ។ទោះជាយ៉ាងក្ដី ដើម្បីចូលរួមលុបបាត់នូវជម្រកមូសខ្លាំ គឺសំខាន់បំផុតគឺ ការចូលរួមពីប្រជាពលរដ្ឋ ដូច្នេះប្រជាពលរដ្ឋ ត្រូវតែធានា «ផ្ទះរបស់ខ្ញុំគ្មានដង្កូវទឹក» ត្រូវថែរក្សានូវអនាម័យជាប់ជានិច្ច គ្មានកន្លែងដក់ទឹកថ្លាណាមួយ ឱ្យក្លាយទៅជាជម្រកមូសខ្លា នោះនឹងគ្មានមូសខ្លាញី ចម្លងជំងឺគ្រុនឈាមនោះទេ៕