(ភ្នំពេញ)៖ ជនបង្កមួយក្រុមបានផ្ទុះអាវុធជាច្រើនគ្រាប់ និងវាយបុរសម្នាក់ ឲ្យបែកក្បាលរងរបួសធ្ងន់ ដោយសារឈ្លោះប្រកែកគ្នារឿងសំឡេងម៉ូតូ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង២យប់ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅជិតរង្វង់មូលនាងទេពមច្ឆា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីមិត្តភក្ដិរបស់ជនរងគ្រោះ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុពួកគេកំពុងតែអង្គុយផឹកស៊ី នៅលើឃឿនជាប់ផ្លូវជិតនឹងរង្វង់មូលគ្រុឌ ដោយមានគ្នាចំនួន៤ទៅ៥នាក់សុខៗ ស្រាប់តែលេចមុខជនបង្កខាងលើបានជិះម៉ូតូធំមួយគ្រឿង មិនចាំម៉ាកបានជិះមកក្បែរកន្លែងផឹកស៊ី ហើយបានរោទិ៍សំឡេងម៉ូតូជាច្រើនលើកច្រើនសារ ហើយបុរសដែលជាអ្នកបើកម៉ូតូនោះ ក៏ជាមនុស្សស្គាល់គ្នាផងដែរ ដោយមិនអស់ចិត្តបុរសរងគ្រោះ បានដើរទៅសួរថាមានបញ្ហាអ្វីបានចេះតែរោទិ៍ម៉ូតូអីចឹង?។ ហើយភ្លាមៗនោះជនបង្កមិនបានតបតនោះទេ ថែមទាំងបើកម៉ូតូចេញធម្មតា។
មួយសន្ទុះក្រោយមកស្រាប់តែឃើញជនបង្កបានជិះមកកន្លែងកើតហេតុ មានគ្នា៤នាក់ ខ្លះកាន់កាំបិត ខ្លះកាន់ដុំថ្ម និងម្នាក់ទៀតកាន់កាំភ្លើង បានធ្វើសកម្មភាពបាញ់ជាច្រើនគ្រាប់ បណ្ដាលឲ្យផ្អើល ភ្លាមៗជនរងគ្រោះបានរត់គេចខ្លួន តែក៏ត្រូវបុរសកាន់ដុំថ្មគប់ចំក្បាលពេញមួយទំហឹងបណ្ដាលឲ្យដួល ក៏ត្រូវបុរសម្នាក់កាន់កាំបិតបានកាប់ ទៅលើក្បាលជនរងគ្រោះបណ្ដាលឲ្យបែកហូរឈាមស្រោចខ្លួន រងរបួសធ្ងន់សន្លប់នៅនឹងកន្លែង។
ភ្លាមៗនោះជនបង្កខាងលើ បាននាំគ្នារត់ឡើងជិះម៉ូតូជិះគេចខ្លួនបាត់ស្រមោល ពីកន្លែងកើតហេតុ។ ចំណែកឯជនរងគ្រោះត្រូវបានមិត្តភក្ដិដឹក តាមម៉ូតូយកទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្រ្គោះបន្ទាន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងប្រមូលសំបកគ្រាប់កាំភ្លើង និងដឹកមិត្តភក្ដិជនរងគ្រោះ ដែលស្ថិតក្នុងហេតុការណ៍ខាងលើទៅសួរនាំបន្ត និងដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីស្វែងរកជនបង្កមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕