(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំក្រុមការងារ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ហែរទៀនព្រះវស្សា និងទេយ្យទានមួយចំនួន ប្រគេនព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សារយៈពេលត្រីមាសចំនួន ៤០វត្ត នៅស្រុកកោះធំ ខេត្តកណ្តាល ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនអង្គ/នាក់ផងដែរ។
កម្មវិធីនេះបានប្រារព្ធឡើងនៅវត្តព្រែកតាដួង ស្ថិតនៅក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីរួមចំណែកប្រគេនទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ គ្រឿងបរិក្ខាប្រគេនព្រះសង្ឃ សម្រាប់ប្រើប្រាស់អំឡុងពេលគង់ចាំព្រះវស្សារយៈពេលត្រីមាស តាមពុទ្ធបញ្ញត្តិ ក៏ដូចជាដើម្បីឧទ្ទិសបុណ្យកុសលផលបុណ្យនេះ ជូនដល់បុព្វការីជនដែលបានចែកឋានទៅកាន់បរលោក ព្រមទាំងជូនមហាកុសលដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ។
ទន្ទឹមនឹងការប្រគេនទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងគ្រឿងបរិក្ខា ក្រុមការងារដឹកនាំដោយឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានប្រគេនបច្ច័យជូនវត្តទាំង៤០ និងព្រះសង្ឃដែលបាននិមន្តចូលរួមក្នុងកម្មវិធីនោះផងដែរ ដោយក្នុងមួយវត្តៗ ទទួលបានបច្ច័យចំនួន៤០ម៉ឺនរៀល និង១០០ដុល្លារ។ ដោយឡែកវត្តព្រែកតាដួងដែលជាកន្លែងប្រារព្ធពិធីទទួលបានបច្ច័យ ១លានរៀល និង៤១០ដុល្លារបន្ថែមទៀត។ រីឯព្រះសង្ឃដែលបាននិមន្តចូលរួមក្នុងកម្មវិធីនោះ ទទួលបានបច្ច័យចំនួន១០ម៉ឺនរៀលក្នុងមួយអង្គ៕