(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅតាមដងផ្លូវទើបធ្វើថ្មី និងកំពុងធ្វើ នឹងបំពាក់កាមេរ៉ា ចាប់ល្បឿនរថយន្តនៅតាមដងផ្លូវ ហើយរថយន្តដែលបើកបរលើសល្បឿនកំណត់ នឹងបញ្ជូនក្រដាសផាកពិន័យទៅឱ្យដល់មុខផ្ទះតែម្តង។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើនសុវត្ថិភាពចរាចរណ៍នៅលើផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន មីឆែលីន រ៉ូ និងក្រុមហ៊ុន វើលប្រ៊ីជ ត្រេឌីង ក្នុងរយៈពេល២ឆ្នាំ។ ពិធីនេះក៏មានការចូលរួមពីលោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុន វើលដ៍ ប្រ៊ីដ ត្រេឌីង, លោក Segsarn Trai-ukos អគ្គលេខាធិការរបស់ក្រុមហ៊ុន Michelin ROH និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងពិធីនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា គ្រោះថ្នាក់ចររាចរដែលកើតមាននៅកម្ពុជានាពេលបច្ចុប្បន្ន ភាគច្រើនបានបង្កឡើងដោយការបើកបរហួសល្បឿនកំណត់, បើកបរមិនប្រុងប្រយ័ត្ន, ប្រើប្រាស់គ្រឿងស្រវឹង, វ៉ាជែងដោយមិនបានប្រុងប្រយ័ត្ន ហើយរថយន្តខ្លះទៀត មិនបានយកទៅធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដោយពេលខ្លះសំបកកង់សឹក ធ្វើឱ្យជាន់ហ្វ្រាំងមិនស៊ីជាដើម។ ក្រៅពីបញ្ហាទាំងនេះ ការបើកបរលើសល្បឿនកំណត់ក៏ជាបុព្វហេតុមួយនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរលើដងវិថីផងដែរ។
ជាវិធានការទប់ស្កាត់ការបើកបរលើសល្បឿនកំណត់នេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា លោកនឹងរៀបចំបំពាក់កាមេរ៉ាចាប់ល្បឿនរថយន្តនៅតាមដងផ្លូវជាតិដែលទើបសាងសង់ថ្មី ឬក៏ផ្លូវជាតិដែលសាងសង់ក្រោយៗទៀត។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះ «យើងក៏បានរៀបចំដាក់កាមេរ៉ា ដើម្បីចាប់អ្នកបើកបរលើសល្បឿនលឿនពេក។ អ៊ីចឹងផ្លូវនឹងមានបង្កប់កាមេរ៉ាមួយចំនួន គឺបើកទៅកាមេរ៉ាថតឡានហ្នឹង បានផ្លាកលេខឡាន ហើយយកក្រដាសផាកពិន័យដល់ផ្ទះតែម្តង។ អ៊ីចឹងជំរាបថា ផ្លូវមួយចំនួននឹងមានកាមេរ៉ា។ កាមេរ៉ា មានផ្លូវមួយចំនួនដែលបង្កើតថ្មីៗ មានផ្លូវលេខ៣មានកាមេរ៉ា ផ្លូវ៤១ ផ្លូវ៣១ ផ្លូវ៣៣ និងផ្លូវផ្សេងៗទៀត និងមានកាមេរ៉ាចាប់ល្បឿន។ អ៊ីចឹងមិនដឹងទេបើកទៅចាប់ខ្លួនឯងហើយ បើកលឿនពេកញញឹមផង ព្រោះការមេរ៉ាថតជាប់ហើយ ហើយបញ្ជូនការផាកពិន័យដល់ផ្ទះតែម្តង»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឱ្យដឹងផងដែរថា ផ្លូវដែលទើបសាងសង់ថ្មី និងកំពុងសាងសង់ ដើម្បីឱ្យមានគុណភាព ក្រសួងសាធារណការ បានស្នើសុំឱ្យមានអ្នកបច្ចេកទេសមកពីប្រទេសចិន ជួយពិនិត្យមើល។ ក្រុមជំនាញការរបស់ចិនបានពិនិត្យផ្លូវរួចរាល់ហើយ ហើយបានរកឃើញថា មានផ្លូវខ្លះល្អ និងផ្លូវខ្លះមិនទាន់ល្អ។ សម្រាប់ផ្លូវដែលរកឃើញថា មិនទាន់ល្អក្រសួង នឹងធ្វើឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងដាក់ស្លាកសញ្ញាឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងគ្រោះថ្នាក់។
បើតាមលោក ស៊ុន ចាន់ថុល ក្រសួងសាធារណការ ក៏បានធ្វើការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB ដើម្បីសុំជំនួយយកមកគូសគំនូសផ្លូវ នៅតាមដងផ្លូវនៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា តាមរយៈអនុស្សារណៈនៃការយោគយល់ ដែលទើបតែបានបង្កើតឡើងថ្មី រវាងក្រសួងសាធារណកា និងក្រុមហ៊ុន Michelin ROH នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាផ្តល់ចំណេះធ្វើ និងជំនាញបច្ចេកទេសនានា ដើម្បីធានានូវគំនិតផ្តួចផ្តើមមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការអនុវត្តគម្រោងនេះ ប្រកបដោយភាពជោគជ័យ។
ចំណែកក្រុមហ៊ុនវើលដ៏ប្រ៊ីដ ត្រេឌីង ដែលជាក្រុមហ៊ុនក្នុងស្រុក និងជាក្រុមហ៊ុនដឹកជញ្ជូនផលិតផលសម្បកកង់របស់ក្រុមហ៊ុន Michelin នឹងដើរតួនាទីជាអ្នកសម្របសម្រួលគម្រោងនេះ ព្រមទាំងផ្តល់វិភាគទានហិរញ្ញវត្ថុ ខណៈដែលក្រសួងសាធារណការ និងដឹកជញ្ជូន នឹងផ្តល់នូវការគាំទ្រពេញលេញ និងការអនុម័តឲ្យអនុវត្តគម្រោងនេះ៕