(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសសម្រេចសម្រួល ភារកិច្ចលោក ណុប ហេង ចេញពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ឲ្យមកបម្រើការនៅទីស្តីការក្រសួងវិញ ដោយដាក់លោក បូរី វង្សសានិត្យ ជាប្រធានមន្ទីរជំនួសវិញ។
យោងតាមសេចក្តីប្រកាសបានបញ្ជាក់ថា ប្រការ១៖ ផ្ទេរសម្រួលភារកិច្ចលោក ណុប ហេង ក្របខណ្ឌ ក.១.៥ ពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ឲ្យមកបម្រើការនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីទទួលភារកិច្ចថ្មី។
ប្រការ២៖ ផ្ទេរសម្រួលភារកិច្ចលោក បូរី វង្សសានិត្យ ក្របខណ្ឌ ក.៣.១ ពីអនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៃអគ្គនាយកដ្ឋានបច្ចេកទេស មកជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ។