(កោះកុង)៖ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការសុំច្បាប់សាងសង់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក សុខ សុធី អភិបាលរងខេត្តកោះកុង បានព្រមានទៅលើអាជ្ញាធរក្រុងស្រុក មិនឲ្យមានការសាងសង់លើដីរដ្ឋ និងលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ។
លោក សុខ សុធី បានថ្លែងថា អាជ្ញាធរដែនដីគ្រប់បណ្តាក្រុងស្រុកទាំងអស់ ត្រូវយកចិត្តទុក្ខដាក់ទៅលើសំណង់របស់ពលរដ្ឋ ដែលសាងសង់នៅលើកមូលដ្ឋានរបស់ខ្លួន ដែលកំពង់សាងសង់។
លោកបញ្ជាក់ថា «អាជ្ញាធរគ្រប់មូលដ្ឋាន និងជំនាញត្រូវពិនិត្យការសាងសង់សំណង់រឹងមាំ តើស្របទៅតាមបច្ចេកទេស ស្តង់ដារដែរទេ? ហើយស្ថិតក្នុងតំបន់ហាមឃាត់របស់រដ្ឋ ឬក៏ដីកម្មសិទ្ធរបស់គាត់? ហើយការសាងសង់មានចូលចំណីផ្លូវសាធារណរបស់រដ្ឋដែរឬអត់? ហើយត្រូវឲ្យគាត់សាងសង់ស្ថិតក្នុងកម្រិតណា»?
លោកបានថ្លែងបន្តថា មន្ត្រីជំនាញ និងអាជ្ញាធរត្រូវធ្វើការផ្សព្វផ្សាយ និងពន្យល់និងកំណត់លក្ខន្តិកៈ ត្រូវសាង់សង់កម្រិតណា ដែលត្រូវអនុញ្ញាតឲ្យធ្វើការសាងសង់ ជៀសវាងការកើតបញ្ហា ដូចនៅខេត្តព្រះសីហនុ ដែលបង្កឲ្យមានមនុស្សស្លាប់។
អភិបាលរងខេត្តកោះកុង ថ្លែងទៀតថា សំណង់ត្រូវធ្វើទៅតាមបច្ចេកទេស វិស្វករមិនត្រូវធ្វើទៅតាមតម្រូវការ របស់ជាងឡើយ ហើយអ្វីដែលសំខាន់ តើគាត់សាងសង់មានរំលោភចូលដីរដ្ឋដែរឬអត់? បើចូលដីចំណីផ្លូវរដ្ឋ ឬដីរបស់រដ្ឋត្រូវហាមឃាត់ជាបន្ទាន់ មិនម្ចាស់សំណង់របស់អ្នកធំ ឬប្រជាពលរដ្ឋនោះឡើយត្រូវបញ្ឈប់ទាំងអស់ តែបើម្ចាស់សំណង់មិនស្តាប់ តាមការណែនាំរបស់ជំនាញ ឬអាជ្ញាធរដែនដីទេ ត្រូវរាយការណ៍ជូនខេត្តជាបន្ទាន់ ដើម្បីឲ្យខេត្តចាត់វិធានការបន្ត៕