(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី និងលោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ រួមជាមួយមន្ត្រីរាជការ បាននាំយកទៀនព្រះវស្សា ទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួន ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ក្នុងវត្តមង្គលបុរី ហៅវត្តមង់ ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់វិសយ័ព្រះពុទ្ធសាសនា និងគោរពប្រតិបត្តិតាមទំនៀមទំលាប់ ប្រពៃណីជាតិខ្មែរដ៏ផូរផង់តាំងពីបុរាណកាលរៀងមក។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរ សុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងបន្តថា ប្រទេសជាតិយើងសព្វថ្ងៃនេះ កំពុងតែមានរីកចម្រើនជាលំដាប់ និងការកសាងលើគ្រប់វិស័យ ក៏ដោយសារតែប្រទេសមានសុខសន្ដិភាព ហើយសុខសន្ដិភាពនេះ គឺបានមកពីការដឹកនាំដ៏រឹងមាំក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
លោកបានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព មានសារៈសំខាន់ណាស់ សម្រាប់ជំរុញនូវការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យឆាប់បានរីកចម្រើន ទាំងវិស័យអាណាចក្រ វិស័យពុទ្ធចក្រ ហើយបើគ្មានសុខសន្តិភាពទេនោះ គ្មានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃនេះដែរ។
ជាមួយគ្នានេះដែរលោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវដល់ពលរដ្ឋទាំងអស់រួមគ្នា ថែរក្សាការពារសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ពិសេសសមិទ្ធផលក្នុងវិស័យព្រះពុទ្ធសាសនា និងថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្សជាដ៏រាបរៀងទៅ៕