(សៀមរាប)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ បន្តចុះត្រួតពិនិត្យស្ថានភាពអ្នកជំងឺគ្រុនឈាម ដែលមកទទួលសេវាថែទាំ និងព្យាបាល នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧, មន្ទីរពេទ្យខេត្តកុមារអង្គរ, និងមន្ទីរពេទ្យខេត្តសៀមរាប ខណៈជំងឺនេះ បានរាតត្បាត នៅទូទាំងប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត។
ក្នុងការចុះពិនិត្យនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង និងប្រតិភូអមដំណើរ បានពិនិត្យស្ថានភាពអ្នកដែលមានជំងឺគ្រុនឈាម, ស្រ្តីមានផ្ទៃពោះ, ស្ត្រីទើបឆ្លងទន្លេ និងទារក, ការវះកាត់ ពិនិត្យ ព្យាបាលបេះដូងកុមារ, និងជំងឺទូទៅផងដែរ។
លោក យ៉ៃ ចន្ទណា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប បានឱ្យដឹង នៅដើមឆ្នាំ២០១៩ មន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប បានទទួល ពិនិត្យ ពិគ្រោះជំងឺក្រៅបាន ២១៥,៩២៥នាក់ ជ្រើនជាងឆ្នាំ២០១៨ ចំនួន២៥% និងមានអ្នកជំងឺចូលសម្រាកព្យាបាលចំនួន ៥២,៧៥៩នាក់ អត្រាស្លាប់សរុបមានចំនួន ០,២៣%។
លោកបានបន្ថែមឱ្យទៀតថា ជំងឺគ្រុនឈាមនៅឆ្នាំ២០១៩ មានចំនួន ១២,០៣៩នាក់ ដែលក្នុងនោះបានស្លាប់ចំនួន ១០នាក់ នៅក្នុងខែមិថុនា មានជំងឺគ្រុនឈាម សរុប ៣,៥១៤នាក់ ស្លាប់៥នាក់។
ហើយរយៈពេល១៤ថ្ងៃ ក្នុងខែកក្កដា មានអ្នកជំងឺ ៤,៦៥៤នាក់ មានអ្នកស្លាប់ ៤នាក់។ ចំណែកចំនួនអ្នកជំងឺវះកាត់ទូទៅមានចំនួន ៦,៧៦៩នាក់ និងវះកាត់បេះដូង បានចំនួន ៤៥៣នាក់ ផ្នែកសម្ភព ពិនិត្យផ្ទៃពោះមានចំនួន ៨៨,២៥៧នាក់ និងសម្រាលកូនបានចំនួន ១៤,៤៥៩នាក់។
លោក គ្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបន្តថា តាមការពិនិត្យជារួមរហូតសល់សប្ដាហ៍ទី២៧នេះ គឺស្ថានភាពជំងឺគ្រុនឈាម គឺមាននិន្នាការថយចុះ ហើយមួយទៀតករណីនៃជំងឺគ្រុនឈាម បាននឹងកំពុងតែចូលមកទទួលការព្យាបាលនៅ ក្នុងមន្ទីរពេទ្យ គឺយើងមិនមានករណីធ្ងន់ធ្ងរមានតិចតួច។ តែទោះបីជាករណីនៃជំងឺគ្រុនឈាម មានការថយចុះក្ដី ក៏យើងនៅតែបន្តធ្វើការអប់រំសុខភាព និងជំរុញឱ្យសហគមន៍ និងប្រជាពលរដ្ឋធ្វើការសំអាតបរិស្ថាន អនាម័យ លុបបំបាត់ជម្រកមូស និងការពារកុំឱ្យមូសខាំ ព្រមទាំងដាក់ថ្នាំអាប៊ែត សម្លាប់ដង្កូវទឹក គឺបាននឹងកំពុងធ្វើជាបន្ត រួមនឹងការបាញ់ថ្នាំសម្លាប់មូស នៅតាមតំបន់ភូមិ/ឃុំមួយចំនួនដែលមានការចម្លង ឬជំងឺរាតត្បាតខ្ពស់៕