(មណ្ឌលគីរី)៖ ក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ, កម្លាំងអាវុធហត្ថ បាននិងកំពុងតែដុតដៃដុតជើងបន្តរុករក និងស្វែងទីតាំងក្រុមហ៊ុនបង្កបទល្មើសព្រៃឈើ នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
នេះបើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែយ៉ាងដូច្នេះថា៖ «នៅថ្ងៃទី១៦ ខែកក្កដានេះ គណៈកម្មាការថ្នាក់ជាតិ នៅតែបន្តរុករក ឥឡូវទៅដល់ក្រុមហ៊ុន វិជ្ជរី និងក្រុមហ៊ុន ណៃណា នៅក្នុងស្រុកកោះញែក អញ្ចឹងចំនួនអ្វីនោះគឺមិនទាន់ដឹងនោះទេ»។
បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ប្រតិបត្តិការរុករកនៅក្នុងក្រុមហ៊ុនទាំងពីរ ស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីនៅពេលនេះ មិនទាន់ដឹងលទ្ធផលនៅឡើយទេ ដោយរង់ចាំកម្លាំងជំនាញ បញ្ចប់ប្រតិបត្តិរបស់ខ្លួនជាមុនសិន។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ចេញប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបនៅតាមខេត្តជាប់ព្រំដែន រួមមាន៖ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងជាដើម រហូតមានការចាប់ខ្លួនមនុស្ស, មានដីកាកំពុងតាមចាប់អ្នកពាក់ព័ន្ធ និងរឹបអូសរថយន្តជាច្រើនគ្រឿង រហូតដុតបំផ្លាញចោលទៀតផង៕