(ភ្នំពេញ)៖ លោកបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និងជាប្រធានកិត្តិយសក្លឹបកាកបាទក្រហម ប្រចាំសាកលវិទ្យាល័យ បានបង្ហាញក្តីសង្ឃឹមថា យុវជនកាកបាទក្រហមកម្ពុជាថ្មី១០១នាក់ ដែលទើបនឹងត្រូវបានបំពាក់កន្សែងទទួលស្គាល់ គឺជាចំណែកថ្មីមួយទៀត ដើម្បីលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា។
លោកបណ្ឌិត លុយ ចណ្ណា ថ្លែងបែបនេះ ក្នុងឱកាសដែលសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើពិធីបំពាក់ កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន១០១នាក់។
ពិធីនេះ ក៏មានការចូលរួមពីលោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិក គណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា, លោក សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, សាកលវិទ្យាធិការរង, ព្រឹទ្ធបុរស, នាយក, នាយករង, សាស្ដ្រាចារ្យ, ទីប្រឹក្សាយុវជន, តំណាងគ្រឹះស្ថានឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ និងយុវជនកាកបាទក្រហមជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះ បណ្ឌិត លុយ ចណ្ណា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការបំពាក់កន្សែងជូន យុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន១០១នាក់ នាឱកាសនេះ គឺជាចំណែកថ្មីមួយទៀត ក្នុងការពង្រឹង និងពង្រីកបណ្ដាញយុវជន ដើម្បីលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌របស់ចលនា ស្របតាមវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា»។
លោកបន្តថា ក្មួយៗទាំងអស់នឹងបន្ដចែករំលែក នូវចំណេះថ្មីៗ ដែលខ្លួនមានជូនដល់និស្សិតផ្សេងទៀតបានដឹង និងយល់កាន់តែច្បាស់ ពីកាកបាទក្រហមកម្ពុជា ជាពិសេសបន្ដគាំទ្រសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបស្របតាម តម្រូវការជាក់ស្ដែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ ក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍របស់ខ្លួន។
ជាមួយគ្នានេះ លោក ពិត ចំណាន បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺពិតជាយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការបន្ដកសាង ពង្រីកបណ្ដាញយុវជន និងជំរុញឱ្យចេះស្រឡាញ់ និងចូលរួមយ៉ាងសកម្ម គ្រប់សកម្មភាពមនុស្សធម៌នានាជាច្រើន ស្របតាមស្ថានភាពកាលៈទេសៈបច្ចុប្បន្ននេះ។ នេះជាឱកាសដ៏ពិសេសសម្រាប់ក្មួយៗ ដែលបានស្ម័គ្រចិត្ត មកចូលរួមជាមួយកាកបាទក្រហមកម្ពុជា តាមរយៈក្លឹបយុវជន នៃសាកលវិទ្យាល័យរបស់ក្មួយៗ ព្រោះថាការចូលរួមនេះក្មួយៗ អាចទទួលបាននូវចំណេះដឹងថ្មីៗ ពីមន្ដ្រីជំនាញ ទីស្នាក់ការកណ្ដាល ដែលចំណេះដឹងទាំងនេះមិនងាយមានឱកាសទទួលបានឡើយ។
លើសពីនេះទៅទៀត លោក នួន ភារម្យ ប្រធានក្លឹបយុវជនកាកបាទក្រហម ប្រចាំសាកលវិទ្យាល័យ បានប្តេជ្ញាចិត្ត ៣ចំណុចដូចតទៅ៖
១៖ ប្រកាន់ភ្ជាប់នៃវប្បធម៌ចែករំលែក ដោយដើរស្របតាមគំនិតដ៏ខ្ពង់ខ្ពស់ប្រកប ដោយព្រហ្មវិហារធម៌ បេះដូងមនុស្សធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
២៖ ខិតខំបំពេញកាតព្វកិច្ច និងអនុវត្តការងារមនុស្សធម៌បន្តពីយុវជនជំនាន់មុន ដោយគោរពតាមគោលការណ៍គ្រឹះទាំង៧ និងចក្ខុវិស័យទាំង៤ របស់កាកបាទក្រហមកម្ពុជា
៣៖ ពង្រឹងចំណងសាមគ្គីភាពរវាងក្លឹបយុវជនកាកបាទក្រហមកម្ពុជា តាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានា ក្រោមការដឹកនាំរបស់បណ្ឌិត សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច៕