(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២៖៥០នាទីរសៀល ខ្លួនបានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F16) ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការដាំបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលរថយន្តបុកបាក់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិភ្នំពេញថ្មី ភូមិពោងពាយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី (២)សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (៣)សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (៤)ភូមិទួលត្នោត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចំពោះការផ្អាកផ្គត់ផ្គង់នេះ អគ្គិសនីកម្ពុជាបញ្ជាក់ថា អតិថិជននឹងមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៥៖០០នាទីល្ងាច។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យ មានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕