(សៀមរាប)៖ បន្ទាប់ពីការប្រកួតប្រជែងរយៈពេលជិតពីរខែ ការប្រកួតបាល់ទាត់ប្រមូលថវិកាជួយមន្ទីរពេទ្យកុមារអង្គរឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់នៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ចុងសប្តាហ៍នេះហើយ។ រីឯការប្រកួតផ្តាច់ព្រាត់នឹងធ្វើឡើងនៅរសៀលថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩។
ក្រុមខ្លាំង៤ក្រុម ដែលនឹងត្រូវជួបគ្នាលើទីលានប្រកួតវាលស្មៅ «Palm Container» ក្នុងខេត្តសៀមរាប នៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់នៅចុងសប្តាហ៍នេះ គឺក្រុមខ្លាំង S4H ជួបនឹង ក្រុមខ្លាំង Svay Angkor។ រីឯក្រុមខ្លាំង F3T ជួបនឹង ក្រុមខ្លាំង Phum Baitang។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់មនុស្សធម៌ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ត្រូវបានរៀបចំឡើងក្រុមអ្នកធ្វើការ និងធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍ជាច្រើននាក់នៅក្នុងខេត្តសៀមរាប។ ការប្រកួតនេះត្រូវបានចាប់ផ្តើមឡើងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដោយរៃអង្គាសបានថវិកាជាង ១ម៉ឺនដុល្លារសហរដ្ឋអាមេរិកសម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យព្យាបាលដោយឥតគិតថ្លៃនៅក្នុងខេត្តសៀមរាប។
លោក ឈាង ផល្លា តំណាង គណៈកម្មាការ ប្រកួត ពាន រង្វាន់ មនុស្សធម៌នេះ បានឱ្យដឹងថា ការប្រកួតបាល់ទាត់ដើម្បីរៃអង្គាសថវិកាសម្រាប់សកម្មមនុស្សធម៌ត្រូវបានបង្កើតឡើងរយៈពេល៤ឆ្នាំហើយគិតត្រឹមឆ្នាំ២០១៩។ លោក ផល្លា បានឱ្យដឹងថា កម្មវិធីប្រកួតនេះបង្កើតឡើងដោយអ្នកបម្រើការងារ និងធ្វើអាជីវកម្មទេសចរណ៍ដែលស្រឡាញ់ការលេងបាល់ទាត់នៅក្នុងខេត្តសៀមរាប មិនមែនជាអ្នកលេងបាល់អាជីពនោះទេ។
លោក ឈាង ផល្លា បានថ្លែងបញ្ជាក់ទៀតថា ពីរឆ្នាំដំបូងការប្រកួតនេះ ធ្វើឡើងក្នុងទ្រង់ទ្រាយហើយប្រមូលថវិកាទៅជួយដល់សាលាខ្វះខាត និងនៅតាមតំបន់ដាច់ស្រយាល។ លុះដល់ពីរឆ្នាំចុងក្រោយ ក៏បានបង្វែមកជួយដល់មន្ទីរពេទ្យអង្គរវិញម្តង។
ការប្រកួតបាល់ទាត់ដើម្បីសកម្មភាពសប្បុរសធម៌នៅឆ្នាំនេះ មាន ១៤ក្រុមប្រកួតប្រជែង ដែលជាចំនួនច្រើនជាងបណ្តាឆ្នាំកន្លងទៅ។
សូមជម្រាបដែរថា មន្ទីរពេទ្យកុមារអង្គរ គឺជាមន្ទីរពេទ្យសប្បុរសធម៌ផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩។ ក្នុងរយៈពេលប្រមាណ ២០ឆ្នាំនេះ មន្ទីរពេទ្យបានផ្តល់សេវាព្យាបាលកុមារជាង ២លានករណី។ ក្នុងមួយថ្ងៃមន្ទីរពេទ្យនេះព្យាបាលកុមារចន្លោះពី ៥០០ ទៅ៦០០នាក់ ហើយត្រូវចំណាយថវិកាប្រមាណ៦.៥លានដុល្លារអាមេរិក។
ថវិកាទាំងនេះជិត ៩០ភាគរយ ជាជំនួយរបស់សប្បុរសជនក្រៅប្រទេស ហើយជាង ១០ភាគរយទៀត បានពីសប្បុរសជនក្នុងប្រទេស និងរាជរដ្ឋាភិបាលផងដែរ៕