(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបលោក ច្សច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ពិភាក្សាអំពីការអនុវត្តន៍កម្មវិធី សម្រាប់កិច្ចសហ- ប្រតិបត្តិការ កម្ពុជា-សហភាពអឺរ៉ុប។
ក្នុងជំនួបដែលរៀបចំឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ច្សច អេដហ្គា និងសហការី និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រផែ្នកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរកន្លងមក រវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ច្សច អេដហ្គា ក៏បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យនៃ ការអនុវត្តគម្រោងនានាក្រោមក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហភាពអឺរ៉ុប។ ដូចដែល បានកំណត់ក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង តាមកម្មវិធីកែទម្រង់នីមួយៗ នៃកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប, ការវាយតម្លៃនៃការអនុវត្តក្របខណ្ឌឆ្នាំ ២០១៨ មានជាលទ្ធផលដូចខាងក្រោម៖
១៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ ២០១៩ ចំនួន ៤.៣លានអឺរ៉ូ។
២៖ ភាពជាដៃគូកំណែទម្រង់វិស័យអប់រំឆ្នាំ ២០១៨-២០២១ ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ ២០១៩ ចំនួន ១៧.៥ លានអឺរ៉ូ។
៣៖ កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ ២០១៩ ចំនួន ៥លានអឺរ៉ូ។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះជំហរបន្តគាំទ្រ និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលបន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីសុភវិនិច្ឆ័យ ចំពោះសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំសម្រេចបាន។
ចំពោះកម្មវិធីទាំង៣ខាងលើ, អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី នឹងជំរុញ និងសម្របសម្រួលជាមួយក្រសួងជំនាញពាក់ព័ន្ធ ដើម្បីរៀបចំឯកសារគាំទ្រសម្រាប់ការ បន្តបើកផ្តល់ថវិកាឆ្នាំ២០១៩ ក្នុងខែសីហា ឆ្នាំ២០១៩នេះ៕