(ភ្នំពេញ)៖ ក្រសួងស្ថាប័នរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន បានរួមគ្នាបង្កើតគណៈកម្មការដឹកនាំការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។ គណៈកម្មការមួយនេះមានលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន និងមានសមាជិកដែលជាមន្រ្តីជំនាញរបស់ក្រសួងសង្គមកិច្ច ជាច្រើនរូបទៀត ក្រៅពីនោះ ក៏មានអង្គការក្រៅរដ្ឋាភិបាលជាច្រើនស្ថាប័នទៀតចូលរួមផងដែរ។
សម្រាប់ការបង្កើតគណៈកម្មការនេះ លោក វង សូត ក្នុងនាមជាប្រធាន បានលើកឡើងថា វាជារឿងចាំបាច់ ទាមទារឱ្យមានការចូលរួមពីគ្រប់ក្រសួងស្ថាប័ន អង្គការជាតិ អន្តរជាតិ និងដៃគូពាក់ព័ន្ធទាំងអស់ដើម្បីដោះស្រាយអំពើហិង្សា ការរើសអើង និងការរំលោភបំពានកុមារគ្រប់រូបភាព ស្របតាមបទដ្ឋានជាតិដែលមាននិងកំពុងអនុវត្ត រួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីកុមារ ឱ្យកាន់តែប្រសើរ។
លោក វង សូត បានបញ្ជាក់ថា អំពើហិង្សាលើកុមារ ជាសកម្មភាពដែលមិនអាចអត់ឱន អនុគ្រោះបានទេ ទោះក្នុងរូបភាពណាក៏ដោយ ព្រោះវាធ្វើឱ្យប៉ះពាល់ ដល់ការអភិវឌ្ឍរបស់កុមារ សីលធម៌សង្កម សេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍធនធានមនុស្សនាពេលអនាគត។
ជាមួយគ្នានោះ លោក តូច ចាន់នី ក្នុងនាមជាសមាជិកនៅក្នុងគណៈកម្មការនោះ បានលើកឡើងថា គណៈកម្មការដឹកនាំការអនុវត្តផែនការ សកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា លើកុមារ បង្កើតឡើងជាយន្តការអន្តរក្រសួងសម្រាប់ដឹកនាំ សម្របសម្រួលជំរុញ និងត្រួតពិនិត្យតាមដានការអនុវត្តផែនកាសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ សំដៅកាត់បន្ថយអំពើហិង្សាលើកុមារនៅកម្ពុជា និងរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅពាក់ព័ន្ធនិងកិច្ចការពារកុមារ។
លោក តូច ចាន់នី បន្តថា គណៈកម្មការ មានសមាជិកចំនួន ២២រូប ក្នុងនោះ១៥ រូបមកពីក្រសួងស្ថាប័ន និង ៧រូប មកពីតំណាងអង្គការ ដែលធ្វើការទាក់ទង នឹងកុមារ។ សម្រាប់គណៈកម្មការមានក្រុមការងារបច្ចេកទេសចំនួន ៣ គឺក្រុមការងារលើកកម្ពស់ការយល់ដឹងនិងទបស្កាត់អំពើហិង្សាលើកុមារ ក្រុមការងារ ផ្ដល់សេវា និងអនុវត្តច្បាប់ និងក្រុមការងារសិក្សាលើបទដ្ឋានគតិយុទ្ត ពិនិត្យ តាមដាន និងធ្វើរបាយការណ៍៕