(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៩ នេះ ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជទានដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវអាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រ ចំនួន ១៥០កន្លែង សម្រាប់ផ្តល់ជូនយុវជនដែលមានជីវភាពលំបាកនៅតាមបណ្តាខេត្តនានា ឱ្យទទួលបានឱកាសសិក្សាបន្តថ្នាក់បរិញ្ញាបត្រដោយឥតបង់ថ្លៃរយៈពេល៤ឆ្នាំ ក្នុងឆ្នាំសិក្សា២០១៩-២០២០ ទៅលើឯកទេស ១/ វិទ្យាសាស្ត្រអប់រំ ២/ ទស្សនវិជ្ជាសាសនា ៣/ ព័ត៌មានវិទ្យា ៤/ អក្សរសាស្ត្រអង់គ្លេស ៥/ នីតិសាស្ត្រ និង៦/ គ្រប់គ្រងទូទៅ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើទូលប្រគេនព្រះពរ និងថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅថ្វាយ សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលព្រះអង្គបានប្រោសព្រះរាជទាននូវអាហារូបករណ៍សម្រាប់យុវជនឱ្យទទួលបានការសិក្សាបន្ត ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី ជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិ។ កាកបាទក្រហមកម្ពុជា នឹងផ្សព្វផ្សាយពី អាហារូបករណ៍ ទាំងនេះ ទៅតាមសាខា កាកបាទក្រហមកម្ពុជា ទាំង ២៥ រាជធានី -ខេត្ត ដេីម្បីផ្តល់ដល់យុវជនមានជីវភាពលំបាក ដែល នឹងប្រឡងជាប់មធ្យមសិក្សាទុតិយភូមិខាងមុខនេះ។
ក្នុងព្រះបរមនាម ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លោក ងួន ស្តេចភក្តី សាកលវិទ្យាធិការរង និងគណៈប្រតិភូ បានពាំនាំព្រះបន្ទូលផ្តាំផ្ញើប្រទានពរ និងថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
សូមបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ដោយបានប្រោសព្រះរាជទាននាមពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងទទួលស្គាល់គុណភាពអប់រំពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ហៅកាត់ថា ACC) ក្នុងការបណ្តុះបណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានជ្រើសរើសសាមណនិស្សិត-និស្សិត បាន១៤ជំនាន់មកហើយ ដោយមាននិស្សិតបញ្ចប់ការសិក្សាតាំងពីឆ្នាំ២០០៤ ដល់បច្ចុប្បន្នចំនួន ៣,២១៥នាក់ (ស្រី ១,៤៤៦នាក់)។ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ មានសាមណនិស្សិត-និស្សិត ១,០៧៥នាក់ និងនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានក្នុងឆ្នាំសិក្សា២០១៩-២០២០ ចំនួន ៥៣៣នាក់ ដែលសរុបសាមណនិស្សិត-និស្សិតកំពុងសិក្សាមានចំនួន ១,៦០៨នាក់ (ស្រី ៨៦៨នាក់)។
អាសយដ្ឋានស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទល់មុខស្ថានទូតរុស្ស៊ី ក្បែរផ្សារទំនើបអុីអន១ ៕