(កណ្តាល)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងារចុះជួយ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំទៀនព្រះវស្សា ទេយ្យទាន ព្រមទាំងបច្ច័យទៅវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៤វត្ត ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
វត្តទាំង៤ ដែលលោក កែវ រ៉េមី នាំទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យទៅប្រគេនជូនរួមមានទី១៖ វត្តព្រែកអំបិល, ទី២៖ វត្ត ពាមប្រជុំ, ទី៣៖ វត្តអន្លង់តាសេក និងទី៤៖ វត្តស្រីអ៊ុប្រសិទ្ធ។
នៅក្នុងឱកាសនោះដែរ លោក កែវ រ៉េមី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋ ពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកមន្រ្តី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្តាល និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្អាង ដែលលោកទាំងពីរបានគិតគូរដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជានិច្ចផងដែរ។
ក្នុងឱកាសនោះ លោក កែវ រ៉េមី បានលើកឡើងថា ការប្រគេនទានព្រះវស្សាដល់ព្រះសង្ឃ នេះគឺជាការគោរពបូជា និងគាំទ្រយ៉ាងពេញទំហឹង លើពុទ្ធសាសនា ពីព្រោះតែពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដូចនេះយើងតែងតែនាំគ្នាធ្វើយ៉ាងណា ឱ្យសាសនារបស់យើងបានគង់វង្ស និងរីកចំរើនតទៅមុខទៀត។
លោក កែវ រ៉េមី បានបន្តថា ការនាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃនេះ អាចធ្វើទៅបានដោយយើង មិនអាចឃ្លាតឆ្ងាយ ពីសន្តិភាពបានទេ បើយើងគ្មានសន្តិភាពហើយបើស្ថិតនៅក្នុងរបបប៉ុលពតទៀត កុំថាឡើយសាសនាព្រះពុទ្ធ សាសនាអ្វីក៏គ្មានដែរ ដូចនេះហើយដោយសារតែមានសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបធ្វើឱ្យប្រទេសយើងអាចកើតមានប្រពៃណីដ៏ស្រស់ផូផង់របស់យើងឡើងវិញ ហើយក្រោមការដឹកនាំ ដ៏ឈ្លាវៃនេះហើយ ទើបធ្វើឱ្យយើងមានសន្តិភាព និងការអភិវឌ្ឍ ដែលកត្តាទាំងអស់នេះ បានឱ្យវិស័យព្រះពុទ្ធសាសនា និងវិស័យផ្សេងៗទៀត បានរីកចម្រើនលើគ្រប់វិស័យ និងធ្វើឱ្យជីវភាពរបស់នៅរបស់ប្រជាជនបានកាន់តែល្អប្រសើរឡើង។
បន្ថែមពីនេះ លោក កែវ រ៉េមី ក៏បានដាស់តឿនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរស់នៅស្អាត ហូបស្អាត ដើម្បីការពារជំងឺឆ្លងផ្សេងៗ ព្រមទាំងពិនិត្យតាមដានសត្វជ្រូកដែលចិញ្ចឹមឱ្យមានម៉ត់ចត់ ប្រសិនបើមានករណីណាមួយដែលសង្ស័យថា សត្វជ្រូកឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក សូមរាយការណ៍ជូនមន្ត្រីជំនាញ ត្រូវចុះទៅឱ្យដល់កន្លែងកើតជំងឺ ដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា ផងដែរ៕