(ភ្នំពេញ)៖ ផ្លាកយីហោដែលបានតម្លើងដាក់តាំងរំលោភលើចំណី ផ្លូវសាធារណៈរបស់រដ្ឋ បណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ចំនួន៧ផ្ទាំងទៀតហើយ ត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវ ចាត់វិធានក្ដៅក្នុងការកាត់ចេញយកមករក្សាទុក ក្នុងនោះមាន១ផ្ទាំងផងដែរ ត្រូវបានអាជីវករសម្រេចកាត់ចេញដោយខ្លួនឯង។
យុទ្ធនាការនេះ បន្ទាប់ពីអាជ្ញាធរបានកាត់ផ្លាកយីហោ ចំនួន១២ផ្ទាំង មានទាំងការតម្លើងអក្សរខុសពីអក្សរជាតិ ដោយគ្មានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះ ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ ដែលជាវិធានការដាក់ចេញដោយសាលារាជធានីភ្នំពេញ។
វិធានការក្ដៅកាត់ផ្លាកយីហោចំនួន៧ផ្ទាំង ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ របស់អាជ្ញាធរខណ្ឌឫស្សីកែវនេះ ដឹកនាំដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅអមសងខាងផ្លូវជាតិលេខ៥ ក្នុងភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២០-២១ ខែមិថុនា និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ថ្មីៗនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានបន្តចាត់វិធានការក្ដៅ ក្នុងកាត់ផ្លាកយីហោ ចំនួន១២ផ្ទាំងរួចមកហើយ។
ក្នុងនោះមានទាំងការកាត់នូវការតម្លើងអក្សរខុសពីអក្សរជាតិ ដោយគ្មានការអនុញ្ញាតពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដកហូតដែកអេតចាយមួយចំនួនទៀត ដើម្បីដឹកយកមករក្សាទុកពីក្រុមអាជីវករ ដែលបានដាក់តាំងទំនិញ រំលោភលើចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ បណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ចាប់ពីចំណុចភ្លើងស្តុប៦២R ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ នៅតាមសងខាងបណ្ដោយផ្លូវជាតិលេខ៥ ព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ រហូតដល់ស្ពានលោកឧកញ៉ា (លីយ៉ុងផាត) ស្ថិតក្នុងសង្កាត់ស្វាយប៉ាក និងស្ថិតនៅអមសងខាងផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២។
ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវសាធារណៈនេះ នាយករងរដ្ឋបាលខណ្ឌ លោក ស៊ូ សារ៉ាត់ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានឲ្យដឹងផងដែរថា ដើម្បីទប់ស្កាត់មិនឲ្យបាត់បង់ចំណីចិញ្ចើមផ្លូវសាធារណៈ ការបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ឫបង្កជាគ្រោះថ្នាក់ចរាចរ ជាដើម គឺត្រូវបានអនុវត្តឡើងជាប្រចាំ ក្នុងគោលបំណងបញ្ជៀសរាល់ការរំលោភបំពានផ្សេងៗ ពីប្រជាអាជីវករដាក់តាំងទំនិញ ឬសម្ភារ ក៏ដូចជាតម្លើងផ្លាកយីហោ ដើម្បីប្រកបរបរអាជីវកម្មរបស់ខ្លួនលយលើចិញ្ចើមផ្លូវ មិនត្រូវបានអនុញាតិឲ្យកើតមានឡើងឡើយ ដែលជាគោលការដាក់ចេញយ៉ាងក្ដៅដោយ សាលារាជធានីភ្នំពេញ៕