(ពោធិ៍សាត់)៖ លោកឧកញ៉ា ឃៀង សុជីវ័ន្ត អគ្គនាយករងក្រុមហ៊ុនទ្រីភាពគ្រុប មណ្ឌលពោធិ៍សាត់ និងលោកស្រី រួមទាំងសហការី នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ បាននាំយកទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកស្រី តៀន ស្រីនាង ប្រគេនព្រះសង្ឃ ចំនួន២២វត្ត នៅក្នុងខេត្តពោធិ៍សាត់ ដើម្បីជួយទំនុកបំរុង និងបង្កលក្ខណៈងាយស្រួល សម្រាប់ព្រះសង្ឃនៅពេលកាន់ព្រះវស្សានេះ។
ពិធីចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។
នៅក្នុងឱកាសនោះ លោកឧកញ៉ា ឃៀង សុជីវ័ន្ត បានគូសបញ្ជាក់ថា ទៀនព្រះវស្សាព្រមទាំង គ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃ នាពេលនេះ គឺជាការគោរពប្រពៃណី សាសនា ព្រះពុទ្ធត្រូវចូល កាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរម គ្រូនៃយើង។
លោកបានលើកទៀតថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទ មានជីវភាពធូរធា បានចូលរួមកសាងទីវត្តអារ៉ាម ឱ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយតម្កល់អត្ថប្រយោជន៍ជាតិនិងប្រជាជនជាធំ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះដែរ វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនជាបន្តបន្ទាប់រហូតបច្ចុប្បន្ន ហើយទីអារាម គឺជាកន្លែងព្រះសង្ឃ ពុទ្ធបរិស័ទទូទៅធ្វើការអប់រំទាំងផ្លូវ កាយផ្លូវចិត្តឱ្យចេះ ធ្វើតែអំពើល្អ រក្សាវប្បធម៌ ប្រពៃណីជាតិ ឱ្យបានគង់វង្សយូរអង្វែង។
នៅក្នុងឱកាសនោះ លោកឧកញ៉ា ឃៀង សុជីវ័ន្ត និងលោក ស្រី ព្រមទាំងសហការី ប្រគេនទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យមកប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តចំនួន២២វត្ត ដោយក្នុងមួយវត្តប្រគេនទៀនវស្សា១គូរ, អង្ករ១០០គីឡូក្រាម, មី៥កេស, ទឹកក្រូច២កេស, ទឹកសុទ្ធ២កេស, ត្រីខ៥យួរ, ទឹកដោះគោ១កេស, ប្រេងឆា១០លីត្រសាច់, ជ្រូកផាត់១ កំប៉ុង, ស្កស៥គីឡូក្រាម, ខ្ទឹម១គីឡូក្រាម, អំបិល៥គីឡូក្រាម, សាដក១, ប្រេងម៉ាស៊ូត៣០លីត្រ បច្ច័យកសាងចំនួន៥៨ម៉ឺនរៀល បច្ច័យប្រគេនព្រះសង្ឃ២០ម៉ឺនរៀល ជូនលោកតាអាចារ្យ២២នាក់ ក្នុងម្នាក់ៗ ៤ម៉ឺនរៀល សរុបថវិកាជិត៦២លានរៀល។
សូមបញ្ជាក់ថា ក្រៅពីប្រគេនទៀនព្រះវស្សាទាំង២២វត្ត នៅក្នុងខេត្តពោធិ៍សាត់ ក្រុមការងារក៏បានយកទៀនវស្សា និងសម្ភាររបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាពគ្រុប និងលោកស្រី គៀន ស្រីនាង ប្រគេនដល់ព្រះសង្ឃបានចំនួន៣០វត្ត រួចមកហើយ គឺនៅខេត្តព្រះវិហា ខេត្តរតនគិរី ខេត្តកណ្តាល ខេត្តកំពត និងខេត្តព្រះសីហនុ៕