(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងឲ្យដឹងថា អត្រាអ្នកឆ្លងជំងឺគ្រុនឈាម មានការថយចុះហើយ បើគិតមកដល់ពេលនេះ ខណៈដែលមន្ទីរសុខាភិបាលនៅតែបន្តបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីអំពី ជំងឺគ្រុនឈាម និងវិធីបង្ការ នៅតែបន្តធ្វើយ៉ាងសកម្មនៅតាមមូលដ្ឋានក្នុងស្រុក ក្រុងនៃខេត្តស្វាយរៀង ជាពិសេសនៅតំបន់ដែលមានការឆ្លងនូវជំងឺគ្រុនឈាមនេះ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានលើកឡើងយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកដឹកនាំមន្ត្រីសុខាភិបាលបន្តយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ស្តីពីជំងឺគ្រុនឈាម និងវិធីបង្ការដល់សិក្សានុសិស្សនៅក្នុងសាលាបឋមសិស្សា ម៉ឹង សំផន ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង ២០០នាក់ផងដែរ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានលើកឡើងបន្តថា យុទ្ធនាការនេះមន្ទីរសុខាភិបាល តែងតែអនុវត្តន៍គ្រប់បណ្តាស្រុក ក្រុង នៃខេត្តស្វាយរៀង ហើយបានផ្តោតលើចំណុចសំខាន់ៗដូចជា៖ ការផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម វិធីបង្ការ ការពារ បំបាត់ជំរកមូស, ករណីសង្ស័យត្រូវបញ្ជូនអ្នកជំងឺទៅកាន់មូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុត, ការដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹក ក្នុងពាងទឹកអាងទឹក, ការបាញ់ថ្នាំសម្លាប់មូសខ្លានៅសាលារៀន មណ្ឌលសុខភាព លំនៅដ្ឋានប្រជាជន (គ្មានទឹកដក់ គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម គ្រួសារមានសុខភាពល្អ)។
លោកវេជ្ជបណ្ឌិត បានបន្តថា ការចុះយុទ្ធនាការនេះ មន្ទីរសុខាភិបាលបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបញ្ហាជំងឺ គ្រុនឈាម ដែលកំពុងមានអាត្រាខ្ពស់ ដែលកើតមកលើមនុស្សគ្រប់វ័យ ហេតុនេះយើងទាំងអស់គ្នា ត្រូវចូលរួមធ្វើអនាម័យថែរក្សាបរិស្ថាន ដើម្បីកំចាត់ជម្រកមូសខ្លា ហើយត្រូវសំរាន្តក្នុងមុង ស្លៀកពាក់ខោអាវជើងវែងដៃវែងជានិច្ច។ បើសិនមានការសង្ស័យចំពោះកូនចៅ ត្រូវបញ្ជូនមកមណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើការវិនិច្ឆ័យ ធ្វើការរករោគសញ្ញាជាបន្ទាន់ដើម្បីធ្វើការព្យាបាល។
លោក កែរ រដ្ឋា បានឱ្យដឹងទៀតថា នៅឆ្នាំ២០១៩នេះ អត្រាអ្នកឆ្លងជំងឺគ្រុនឈាមនេះ មានចំនួន ៣៤១នាក់ ដែលបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យហើយពុំបណ្តាល ឲ្យមានអ្នកស្លាប់ ដោយសារជំងឺនេះទេ។
សូមបញ្ជាក់ថា នៅក្នុងយុទ្ធនាការនេះមន្ត្រីសុខាភិបាល ក៏បានបាញ់ថ្នាំបំបាត់ជម្រកមូសខ្លា នៅតាមបរិវេនសាលារៀន និងតាមលំនៅដ្ឋានរបស់ពលរដ្ឋ នៅស្រុកស្វាយទាបផងដែរ៕