(រតនគិរី)៖ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ដែលជាគណៈកម្មការទី៤ នៃរដ្ឋសភា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំសមាជិក សមាជិកា ចុះបំពេញបេសកកម្មសិក្សាស្វែងយល់ការងារពាក់ព័ន្ធ និងភារកិច្ចគណៈកម្មការទី៤ ក្នុងខេត្តរនគិរី ដើម្បីសិក្សាស្វែងយល់ពីការអនុវត្តការងាររបស់ខេត្ត លើគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងបញ្ហាមួយចំនួនទៀត ដូចជា ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។
ក្នុងដំណើរបំពេញបេសកកកម្មនេះ គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា បានជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការខេត្តរតនគិរី គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា បានទទួលស្វាគមន៍ដោយលោក ថង សាវុន អភិបាលខេត្តរតនគិរី។
ប្រធានគណៈកម្មការទី៤ រដ្ឋសភា ក៏បានលើកទ្បើងថា អាជ្ញាធរមូលដ្ឋាន គឺជាផ្នែកមួយសំខាន់ណាស់ ក្នុងការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៦នេះ តាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។
លោក ហ៊ុន ណេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងខិតខំបន្តពង្រឹងពង្រីកនូវអភិបាលកិច្ចល្អ និងការប្តេជ្ញាចិត្តយ៉ាងមុះមុត ក្នុងការដឹកនាំប្រទេសជាតិ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការទាំងទ្បាយរបស់ប្រជាពលរដ្ឋ។
លោក ថង សាវុន បានធ្វើសេចក្តីរាយការណ៍ជូន គណៈប្រតិភូពីការរីកចម្រើនលក្ខណៈភូមិសាស្រ្ត សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាព សង្គមនៅក្នុងខេត្ត ដោយបានគូសបញ្ជាក់ថា ខេត្តបានពង្រឹងថែរក្សាការពារសន្តិសុខ ស្ថេរភាព សង្គមបានរឹងមាំជូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក្នុងខេត្ត កំពុងរស់នៅដោយសុខសន្តិភាពទទួលបានផល នៃការអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលគ្រប់ៗគ្នា៕