(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពី ស្ថានភាពអាកាសធាតុ នៅកម្ពុជាចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដោយបានបញ្ជាក់ថា នៅរយៈពេលនេះកម្ពុជានឹងទទួលរងនូវឥទ្ធិពលខ្យល់មូសុងនិរតី គួបផ្សំនឹងវិសម្ពាធ ហើយវិសម្ពាធនឹងបំប្លែងទៅជាព្យុះទី៥ ដែលមានឈ្មោះ ដាណាស់ (Danas) ដែលនឹងធ្វើដំណើរបន្តឆ្ពោះទៅកាន់ប្រទេសចិនភាគខាងកើតផងដែរ។
សម្រាប់ឥទ្ធិពលឥទ្ធិពលខ្យល់មូសុងនិរតី ដែលបំប្លែងទៅជាព្យុះទី៥ ឈ្មោះ ដាណាស់ (Danas) លក្ខណៈបែបធ្វើឲ្យ៖
១៖ បណ្ដាខេត្តនៅមាត់សមុទ្រ នឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ខ្យល់ខ្លាំងបង្កើតទៅជារលកធំ និងខ្ពស់ៗ។
២៖ បណ្ដាខេត្ត និងរាជធានីនៅតំបន់ទំនាបកណ្ដាលភាគខាងត្បូង ភាគកណ្ដាល និងភាគខាងកើត ដែលមានព្រំប្រទល់ជាប់វៀតណាម នឹងអាចមានភ្លៀងក្នុងកម្រិតពិមធ្យមទៅបង្គូរ។ ទន្ទឹមនោះ ក៏អាចមានភ្លៀងខ្លាំងដោយកន្លែងផងដែរ។
៣៖ បណ្ដាខេត្តនៅភាគពាយ័ព្យ និងខ្ពង់រាប និងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ ទន្ទឹមនោះក៏អាចមានកន្លែងខ្លះមានភ្លៀងខ្លាំងផងដែរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជានេសាទ និងភ្ញៀវទេសចរតាមសមុទ្រ សូមបង្កើនការប្រុងប្រយ័ត្ន៕