(ភ្នំពេញ)៖ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងរ៉ែ និងថាមពល បាន និងកំពុងបើកពិធីប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារឆមាសទី១ តម្រង់ទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ កម្មវិធីការងារឆ្នាំ២០២០ និងប្រកាសតែងតាំងសម្រួលភារកិច្ច ជូនមន្រ្តីរាជការក្រសួងរ៉ែ និងថាមពល នៅសណ្ឋាគារសុខាភ្នំពេញ។
កិច្ចប្រជុំបូកសរុបការងារនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ កម្រិតអគ្គនាយកដ្ឋាន នាយកដ្ឋាន និងការិយាល័យនៃក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា ព្រមទាំងមន្ទីររ៉ែ និងថាមពលរាជធានី-ខេត្ត សរុបប្រមាណ៥២០នាក់។
ក្នុងសម័យប្រជុំបូកសរុបលទ្ធផលការងារនេះ ក្រសួងរ៉ែ និងថាមពល នឹងពិនិត្យឡើងវិញអំពីសកម្មភាព និងសមិទ្ធផលការងារ ដែលសម្រេចបានវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យរ៉ែ និងថាមពល រួមទាំងប្រេងកាត និងអគ្គិសនី ព្រមទាំងការប្រឈមនានា ក្នុងរយៈកាលមួយឆ្នាំមានកន្លងមក ដើម្បីតម្រង់ទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ និងកំណត់កម្មវិធីការងារសម្រាប់ឆ្នាំ២០២០ ផងដែរ។
ជាមួយគ្នានេះ ប្រធានក្រុមការងារអធិការកិច្ចក្នុងវិស័យរ៉ែទាំង៤ក្រុម នឹងចូលរួមធ្វើបទអន្តរាគមន៍ ពាក់ព័ន្ធនឹងសកម្មភាពការងារ អធិការកិច្ចអាជីវកម្មធនធានរ៉ែកន្លងមក។ ក្នុងកិច្ចប្រជុំនេះ ក៏នឹងមានការធ្វើបទបង្ហាញ អំពីលទ្ធផលការងារ របស់អគ្គនាយកដ្ឋាន អគា្គធិការដ្ឋាន អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជាផងដែរ៕