(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងថា ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពរដ្ឋ និងសម្រួលដល់វិស័យសេដ្ឋកិច្ច ដែលកំពុងមានភាពមមាញឹក និងពង្រីកបណ្ដាញហិរញ្ញវត្ថុទូទាំងប្រទេស ទៅតំបន់ជនបទ ធនាគារជាតិនៃកម្ពុជា កំពុងអនុវត្តន៍ពង្រឹង និងពង្រីកប្រព័ន្ធទូរទាត់សងប្រាក់បែបទំនើប មានភាពងាយស្រួល, ឆាប់រហ័យ តម្លៃសេវាទាប, សុវត្ថិភាពខ្ពស់, ពិសេសការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។
ការលើកឡើងបែបនេះ របស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកម្មវិធី សិក្ខាសាលាស្ដីពី «ស្ថិរភាពរូបិយវុត្ថុ» ដែលរៀបចំឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមពី សំណាក់មន្រ្ដីធនាគារជាតិនៃកម្ពុជាជិត៥០០រូបផងដែរ។
លោក ជា ចាន់តូ លើកឡើងថា ដើម្បីសម្រួលដល់វិស័យសេដ្ឋកិច្ច ដែលកំពុងមានភាពមមាញឹក និងពង្រីកបណ្ដាញហិរញ្ញវត្ថុទូទាំងប្រទេសទៅតំបន់ជនបទ ធនាគារជាតិនៃកម្ពុជាកំពុងអនុវត្តន៍ ពង្រឹង និងពង្រីកប្រព័ន្ធសងប្រាក់បែបទំនើបផ្ដល់ភាពងាយស្រួល, ឆាប់រហ័យ តម្លៃសេវាទាប, សុវត្ថិភាពខ្ពស់, ពិសេសការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដូចជា ការផ្ទេរប្រាក់តាមទូរស័ព្ទចល័តជាដើម។
លោកបានបន្ដថា ការអនុវត្តន៍នេះធ្វើឡើងស្របពេល ជាមួយវិស័យហិរញ្ញវត្ថុកំពុងរីកចម្រើន ជាបន្ដបន្ទាប់ឆ្លុះបញ្ចាំង តាមរយៈកំណើនអត្រាខ្ពស់សេវាហិរញ្ញវត្ថុផ្លូវការ។ ក្នុងនោះកំណើនអតិថិជនខ្ចីប្រាក់ និងកំណើនអ្នកដាក់ប្រាក់បញ្ញើ ជាមួយការផ្ដល់សេវាហិរញ្ញវត្ថុ យ៉ាងទូលំទូលាយទូទាំងប្រទេស។
លោក ជា ចាន់តូ បានឲ្យដឹងពីថា សិក្ខាសាលាស្ដីពី «ស្ថិរភាពរូបិយវុត្ថុ» នេះជាយន្ដការនៃ ការបណ្ដុះបណ្ដាលផ្ទៃក្នុង និងការចែករំលែកព័ត៌មាន ដល់មន្រ្ដីបុគ្គលិកធនាគារជាតិស្ដីពី ប្រវត្ត និងការវិវត្តរូបិយវត្ថុ និងសេដ្ឋកិច្ចជាតិចាប់ពីកម្ពុជា ទទួលបានឯករាជ្យពេញបូរិបូរណ៍ ក្នុងឆ្នាំ១៩៥៣ រហូតដល់ពេលបច្ចុប្បន្ន៕