(ភ្នំពេញ)៖ លោក ម៉ម វ៉ាន់ដា តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាបញ្ជាឱ្យជនជាតិពីរូប ចូលខ្លួនបំភ្លឺពាក់ព័ន្ធការប្រព្រឹត្តបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី ឱ្យបានមុនថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ។
យោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ម៉ម វ៉ាន់ដា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហាញថា ជនជាតិទាំងពីររូបដែលបញ្ជាឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធបទល្មើសព្រៃឈើនេះរួមមាន៖ ឈ្មោះ សុង វិនចាង (Song Wenzhang) អាយុ ៦៨ឆ្នាំ មុខរបរជាអគ្គនាយកក្រុមហ៊ុនដាច់វូដ និងម្នាក់ទៀតឈ្មោះ ចាង វិនតាវ (Wentao Zhang) នាយកក្រុមហ៊ុនយ៉ានចាវ។
យោងតាមដីកាបញ្ជា បានគូសបញ្ជាក់ថា ជនជាតិទាំងពីររូបនេះ តម្រូវឱ្យចូលបំភ្លឺលើករណីលាក់បំបាំងវត្ថុតាង ប្រមូលផល ដឹកជញ្ជូន និងសន្និធិផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងប្រើប្រាស់គ្រឿងចក្រមិនមានបិទសញ្ញាសម្គាល់រដ្ឋបាលព្រៃឈើ។
នៅក្នុងដីកាបញ្ជារបស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានឱ្យដឹងផងដែរថា ការចេញដីកាបញ្ជាឱ្យជនជាតិចិនទាំងពីររូបចូលខ្លួនបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីខ្លួនទទួលបានរបាយការណ៍របស់ក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។
សូមបញ្ជាក់ថា ដីកាបញ្ជារបស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីនេះ ក៏បើកផ្លូវឱ្យសមត្ថកិច្ចអាចនាំខ្លួនបុគ្គលទាំងពីររូបនេះ ទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរីផងដែរ ប្រសិនបើពួកគេមិនចូលខ្លួនទៅបំភ្លឺទេនោះ។
ពាក់ព័ន្ធបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីនេះកាលពីថ្ងៃទី១១ ខែកក្កដា អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ក៏បានចេញដីកាបញ្ជាឱ្យតំណាងក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់»ពីររូបចូលខ្លួនបំភ្លឺលើការប្រមូល ដឹកជញ្ជូន និងសន្និធិផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតផងដែរ។
តំណាងក្រុមហ៊ុនទាំងពីរដែលអយ្យការអមសាលាដំបូងចេញដីកាបញ្ជាឱ្យចូលខ្លួនបំភ្លឺនោះរួមមាន៖ លោក ណេង ម៉ៅ អាយុ ៥០ឆ្នាំ តួនាទីជាអ្នកចាត់ចែងការប្រមូលឈើរបស់ក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» មានទីលំនៅក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងលោក លោក សាំង សុខុន អាយុ ២៧ឆ្នាំ ជាអ្នកចាត់ចែងរបស់ក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» មានទីលំនៅក្នុងភូមិកោះសំរោង ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមការងារគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្មចុះបង្ក្រាបបទល្មើសព្រៃឈើនៅភូមិភាគឦសានប្រទេស។ ឈើរបស់ក្រុមជនល្មើសបានកាប់ជាច្រើនកន្លែងត្រូវបានក្រុមការងាររុករកឃើញ ហើយរថយន្តដែលជាមធ្យោបាយធ្វើសកម្មភាពដឹកជញ្ជូនឈើជាច្រើនគ្រឿងត្រូវបានកម្ទេចចោល។
ប្រតិបត្តិការដ៏ក្តៅគគុកនេះកាលពីថ្ងៃទី០៩ ខែកក្កដា កន្លងទៅកម្លាំងសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនលោក ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ និងអ្នកបើករថយន្តផងដែរ។ មកដល់ពេលនេះលោក ស៉ឹង សំអុល និងអ្នកពាក់ព័ន្ធ៣នាក់ផ្សេងទៀតនោះ ត្រូវបានតុលការខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនហើយ៕