(កំពង់ធំ)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរបស់ខេត្តកំពង់ធំ និងផ្សព្វផ្សាយ វិធានការត្រៀមបង្ការ និងការឆ្លើយតបពេលមានគ្រោះមហន្តរាយកើតឡើង។
កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើង នៅសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី មន្ត្រីរាជការ តាមមន្ទីរ ស្ថាប័នពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ អង្គការជាដៃគូរ និងអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ទូទាំងខេត្ត ចំនួន៣៩១នាក់។
តាមរបាយការណ៍របស់ លោក សុខ លូ អភិបាលខេត្ត បានឲ្យដឹងថា កំពង់ធំជាខេត្ត ដែលងាយរងគ្រោះដោយទឹកជំនន់ និងខ្យល់កន្ត្រាក់ ប៉ុន្តែលទ្ធភាព នៃការឆ្លើយតបរបស់ខេត្ត នៅមានកម្រិត និងសុំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជួយដើម្បីខេត្តមានលទ្ធភាពឆ្លើយតបបានទាន់ពេលវេលា។
អង្គប្រជុំក៏បានស្តាប់នូវបទបង្ហាញរបស់បណ្តានាយកដ្ឋាន ចំណុះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ជុំវិញការផ្តល់ព័ត៌មាន ការត្រៀមបង្ការ និងវិធានការឆ្លើយតបគ្រោះមហន្តរាយ។
បន្ទាប់ពីនាំការផ្តាំផ្ញើសួរសុខទុកពីសម្តេចទាំងពីរ ជូនសមាជិកអង្គប្រជុំរួចមក ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានលើកសសើរការខិតខំបំពេញការងាររបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលបានខិតខំបំពេញការងារកន្លងមក។
ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការងារប្រមូលព័ត៌មាន ពីគ្រោះមហន្តរាយ ឲ្យបានលឿន ត្រូវធ្វើផែនការត្រៀម បង្ការជាមុន និងឆ្លើយតបឲ្យបានទាន់ពេលវលា ដោយប្រើកម្លាំងសរុបមធ្យោបាយសរុប ផ្តោតសំខាន់លើការសង្គ្រោះ អាយុជីវិតមនុស្សជាអាទិភាព។ ដើម្បីធ្វើបានដូចខាងលើសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវពង្រឹងសមត្ថភាពរបស់មន្ត្រី ដើម្បីមានគ្រប់លក្ខណៈសម្បត្តិ ក្នុងការឆ្លើយតបបានទៅគ្រប់សភាពការណ៍ដែលកើតឡើង៕