(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាស់តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយនឹងគណៈប្រតិភូមហាវិទ្យាល័យគ្រប់គ្រងយោធា នៃសាកលវិទ្យាល័យការពារជាតិកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយឧត្តមសេនីយ៍ទោ LU WEN និងសហការីចំនួន៤៦រូប នៅសាកលវិទ្យាល័យការពារជាតិ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជា តារា បានជម្រាបជូនភ្ញៀវអំពីជោគជ័យ នៃនយោបាយឈ្នះ! ឈ្នះ! របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពពេញេលេញ លើផ្ទៃប្រទេស។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សន្តិភាពនិងការអភិវឌ្ឍរីកចម្រើន ឈានឡើងគ្រប់វិស័យ ទទួលបានលទ្ធផលត្រចះត្រចង់។
នាយឧត្តមសេនីយ៍ បានលើកឡើងអបអរលទ្ធផលជាផ្លែផ្កា នៃទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការកាន់តែល្អរវាង កម្ពុជា-សាធារណរដ្ឋប្រជាមានិតចិន ដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរគឺ សម្តេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតី ស៊ី ជិនពីង បានចាត់ទុកកម្រិតទំនាក់ទំនង នៃប្រទេសទាំងពីរជាលក្ខណៈ«មិត្តភាពដែកថែប» ឈរលើចក្ខុវិស័យ អភិវឌ្ឍប្រទេសទាំងពីរ លើគ្រប់វិស័យនិងឈានទៅសម្រេចបាន«សហគមន៍រួមវាសនាតែមួយ កម្ពុជា-ចិន»។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សា ការងារជាមួយនាយឧត្តមសេនីយ៍ វ័យ ហ្វ៊ុងហរ័ រដ្ឋមន្ត្រី ក្រសួងការពារជាតិចិន នៅសាំងគ្រីឡា ប្រទេសសឹង្ហបូរី បានរំលឹកឡើងវិញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរ ដែលផ្តើមចេញពីទំនាក់ទំនងដ៏ល្អរវាងប្រមុខរដ្ឋ និងរដ្ឋាភិបាលប្រទេសទាំងពីរ បានជំរុញ អោយទំនាក់ទំនងកងទ័ព ទាំងពីរកាន់តែជិតស្និត និងមានការរីកចំរើន។ ការធ្វើលំហាត់សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជានិងកងទ័ពរំដោះប្រជាជនចិន បានធ្វើជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០១៦មក។ ជាពិសេស នៅសាកលវិទ្យាល័យការពារជាតិកម្ពុជា ក៏មាននិស្សិតនាយទាហានចិនមកសិក្សាភាសាខ្មែរ និងការផ្តល់អាហារូបករណ៍ទទួលយកនាយទាហានកម្ពុជា ទៅបណ្តុះបណ្តាលរាប់រយនាក់ក្នុងមួយឆ្នាំៗ។
ថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិទាំងពីរ បានយល់ព្រមរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការ ឲ្យបានរឹងមាំនាពេលបច្ចុប្បន្ននិងអនាគត ដែលនឹងឈានទៅចុះអនុស្សារណៈ នៃការយោគយល់ (MOU) នាពេលឆាប់ខាងមុខនេះ។
ប្រធានប្រតិភូសាកលវិទ្យាល័យការពារជាតិចិន បានទទួលយកសំណើរបស់សាកលវិទ្យាល័យការពារជាតិកម្ពុជា ដោយសេចក្តីសប្បាយរីករាយ និងសាទរជាខ្លាំង លើកិច្ចសហប្រតិបត្តិការ រវាង សាកលវិទ្យាល័យការពារជាតិទាំងពីរ រួមមានសំណើសម្រួលឲ្យមានទស្សនកិច្ចសិក្សាដកបទ ពិសោធន៍ទៅវិញទៅមកញឹកញាប់របស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្ត្រាចារ្យយោធាចារ្យ និង និស្សិតសិក្ខាកាម នៃប្រទេសយើងទាំងពីរ សំណើសុំជួយបើកថ្នាក់បង្រៀនភាសាចិននៅទីនេះ ឲ្យបានច្រើនថ្នាក់ ចាប់ពីកម្រិតដំបូងដល់ កម្រិតខ្ពស់ និងសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ភាសាចិន ដើម្បីងាយស្រួលក្នុងការបញ្ជូននាយទាហានកម្ពុជាទៅសិក្សានៅប្រទេសចិន ។ លើការងារយោធាចារ្យ បានសំណើសុំអាហារូបករណ៍សម្រាប់ការបណ្តុះបណ្តាល និងបំប៉នលើមុខវិជ្ជា បញ្ជាការសេនាធិការ យុទ្ធសាស្ត្រការពារជាតិ ។ល។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា បានបញ្ជាក់បន្ថែមថា សាកលវិទ្យាល័យការពារជាតិ បាននិងកំពុងអនុវត្តន៍តួនាទីបណ្តុះបណ្តាល និងហ្វឹកហ្វឺនដល់និស្សិតសិក្ខាកាម ជានាយទាហានតាម គោលការណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី «កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន» ដើម្បី សម្រេចគោលដៅ កសាងពង្រឹងសាកលវិទ្យាល័យការពារជាតិ តាមគោលសំខាន់២គឺ រួមមាន៖
*ទី១៖ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ
*ទី២៖ ជាមជ្ឈមណ្ឌលតម្រង់ទិសគោលជំហរទស្សនៈ នយោបាយការពារជាតិចំទិស មានន័យថា បណ្តុះនិស្សិតនាយទាហានឲ្យរៀនពូកែ មានសញ្ញាបត្រ ក្លាយជាកងទ័ពម្នាក់ មានសមត្ថភាពដឹកនាំ បំពេញភារកិច្ចការពារជាតិមាតុភូមិ ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមាន ចរិកប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ព្រមទាំងឱ្យក្លាយជា កម្លាំងពិតមួយដែលស្មោះត្រង់ដាច់ខាត ចំពោះ ជាតិមាតុភូមិ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕