(បន្ទាយមានជ័យ)៖ នៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ប្រតិភូស្ថានទូតចំនួន៣០ប្រទេស ប្រចាំប្រទេសថៃ បានអញ្ជើញទស្សនកិច្ចប្រាសាទបន្ទាយឆ្មារ ស្ថិតនៅឃុំ ប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានស្ញើចសរសើរ និងចាប់អារម្មណ៍ ចំពោះផ្ទាំងចម្លាក់សិលាចារិកនានា នៃប្រាសាទបន្ទាយឆ្មារ ដោយបានផ្តិតយករូបភាពដោយស្នាមញញឹម សប្បាយរីករាយ ជាមួយការបង្ហាញពីមគ្គទេសក៍ទេសចរណ៍។
ការអញ្ជើញទៅទស្សនារបស់ប្រតិភូស្ថានទូតទាំង៣០ប្រទេសនេះ ក្រោមការទទួលស្វាគមន៍ពីលោកស្រី ម៉ៅ មាល័យ កែ គឹមយ៉ាន និងដឹកនាំបង្ហាញដោយអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ មគ្គទេសទេសចរណ៍ ប្រចាំប្រាសាទផងដែរ។
អភិបាលខេត្តបន្ទាយមានជ័យ ក៏បានជម្រាបជូនប្រតិភូស្ថានទូត ឱ្យដឹងទៀតថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលជាប់ព្រំដែនកម្ពុជាថៃ កាលពីអតីតកាលជាសមរភូមិសង្រ្គាមក្តៅគគុក។ ក្រោយពីប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ខេត្តបន្ទាយមានជ័យ បាននិងកំពុងមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយ ដោយប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាពកិច្ចសហប្រតិបត្តិការ និងការអភិឌ្ឍន៍ឱ្យរីកចម្រើន។
អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងទៀតថា ខេត្តបន្ទាយមានជ័យ មានស្រុកក្រុងចំនួន៩ ដោយមានច្រកអន្តរជាតិ២ និងច្រកតំបន់ព្រំដែនចំនួន២ រវាងកម្ពុជានិងថៃ។ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ភាគច្រើនប្រកមុខរបរកសិកម្ម ហើយបច្ចុប្បន្ននេះ ខេត្តមានសក្តានុពល ផ្នែកកសិកម្មជាពិសេសលើដំណាំឧស្សាហកម្ម។
លើវិស័យទេសចរណ៍រដ្ឋបាលខេត្ត បាននិងកំពុងធ្វើការរៀបចំទីកន្លែងសក្តានុពលទេសចរណ៍នានា ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ដូចជាការរៀបចំជួសជុល កែលម្អឡើងវិញ ប្រាសាទបុរាណនានា មានប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយទ័ព និងប្រាសាទមេបុណ្យ ដែលរងការខូចខាតបាក់បែក ដោយមានការដឹកនាំរៀបចំ និងជួយឧបត្ថម្ភពីសំណាក់លោកស្រីឧកញ៉ា ម៉ៅ មាល័យ បានរៀបចំប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធគមនាគមតភ្ពាប់ឱ្យបានល្អ សម្រាប់ភ្ញៀវភាពងាយស្រួល។
ប្រាសាទបន្ទាយឆ្មារ ជាសំណង់ស្ថាបត្យកម្មដ៏សំខាន់មួយ ស្ថិតក្នុងរចនាបថបាយ័ន (មានចម្ងាយ៦៨គីឡូម៉ែត្រ ពីក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ) ដែលបានកសាងឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ (គ.ស. ១១៨១ ដល់ គ.ស ១២១៨) ដើម្បីឧទ្ទិសដល់បុត្ររបស់ព្រះអង្គ ដែលបានសោយទិវង្គតពេលធ្វើសង្គ្រាមជាមួយទ័ពចាម។
ប្រាសាទនេះ ជាតឹកតាង និងជាមេរៀនបញ្ជាក់ពីការហ៊ានតស៊ូលះបង់របស់បុព្វបុរសខ្មែរ ដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលយើងជាខ្មែរជំនាន់ក្រោយ គួរតែសិក្សា រៀនសូត្រ។ ក្នុងថ្ងៃដដែលនោះដែរ ប្រតិភូក៏បានអញ្ជើញពិនិត្យ និងស្វែងយល់នៃសង្វាក់ផលិតកម្ម នៅក្នុងរោងចក្រកិនស្រូវមួយកន្លែងនៅចំណុចឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ៕