(ភ្នំពេញ)៖ សិស្សានុសិស្សក្នុងសាលារៀនចំនួន៥ ក្នុងខេត្តបន្ទាយមានជ័យ រីករាយ នឹង គម្រោង «សាលាស្អាត» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលកំពុងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនរបស់ពួកគេ ដែលក្នុងនោះរួមមានអនុវិទ្យាល័យទឹកថ្លា អនុវិទ្យាល័យសែសិន អនុវិទ្យាល័យអូរស្ងួត វិទ្យាល័យភ្នំធំ និងសាលាបឋមសិក្សាអូរអំបិល។
យុវតី មាស ម៉ាលីយ៉ា នៃអនុវិទ្យាល័យទឹកថ្លា បានរៀបរាប់ថា៖ «ខ្ញុំចង់ឲ្យមានថ្ងៃនេះយូរហើយ។ ពួកខ្ញុំសប្បាយចិត្តណាស់ព្រោះ គម្រោងសាលាស្អាត ជួយឲ្យសាលារៀនរបស់ខ្ញុំមានសោភ័ណភាពល្អប្រសើរជាងមុន ជាមួយនឹងខ្លោងទ្វារថ្មី និងផ្លូវបេតុង ដែលនឹងជួយបង្កើតបរិយាកាសសិក្សាល្អប្រសើរជាងមុនឲ្យពួកខ្ញុំ។ បន្ទាប់ពីផ្លូវបេតុងធ្វើរួចរាល់ហើយ ពួកខ្ញុំនឹងមិនលំបាកដូចឆ្នាំមុនៗទៀតនោះទេ»។
ជាងនេះទៅទៀត បើតាមការឲ្យដឹងពីយុវជន ឆាន់ សុភត្រា នៃវិទ្យាល័យភ្នំធំ«ពេលមានភ្លៀងម្តងៗ បរិវេណក្នុងសាលានេះត្រូវលិចទឹក ហើយមានភក់ជ្រាំ ដែលជាហេតុធ្វើឲ្យពួកខ្ញុំលំបាកក្នុងការធ្វើដំណើរ។ បន្ទាប់ពីផ្លូវបេតុងដែលឧបត្ថម្ភដោយគម្រោងសាលាស្អាតនេះធ្វើរួចរាល់ ពួកខ្ញុំនឹងពុំចាំបាច់ដើរកាត់ភក់ទៀតទេ»។
ស្រដៀងគ្នាដែរ យុវតី អ៊ុច ស្រីណុច នៃអនុវិទ្យាល័យសែសិន បានឲ្យដឹងថា៖ «ភក់ជ្រាំ និងបញ្ហាលិចទឹកគ្រប់កន្លែងក្នុងបរិវេណសាលានេះហើយ ដែលធ្វើឲ្យពួកខ្ញុំមករៀនអត់បានទៀងទាត់។ ខ្ញុំពេញចិត្តនឹងគម្រោងសាលាស្អាតនេះ ព្រោះសាលារៀនរបស់ពួកខ្ញុំ ក្រៅពីទទួលបានផ្លូវបេតុង ថែមទាំងទទួលបានដងទង់ជាតិថ្មីផងដែរ»។
ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀនទាំង៥ ក្នុងខេត្តបន្ទាយមានជ័យ រួមមានការសាងសង់ខ្លោងទ្វារ សាលា ផ្លូវបេតុងចូលសាលារៀន ដងទង់ជាតិ និងការរៀបការ៉ូឡានៅតាមទីតាំងនានាក្នុងបរិវេណសាលាជាដើម។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបន្តការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅសាលារៀនចំនួន៥ទៀត ក្នុងខេត្តសៀមរាប ក្រោមគម្រោងសាលាស្អាត ក្នុងឆ្នាំ២០១៩នេះផងដែរ៕