(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានសម្រេចធ្វើមោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុក្រុមហ៊ុន ING Holding របស់ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ព្រមទាំងលុបចោល សេចក្តីជូនដំណឹងចំនួន៣ទៀត ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យក្រុមហ៊ុននេះ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅបឹងជើងឯក។
ការសម្រេចនេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ក្នុងកម្មវត្ថុរបស់ខ្លួនថា ដោយសារក្រុមហ៊ុន មិនអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងផ្ទៃបឹងជើងឯង ស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។
ការចេញសេចក្តីសម្រេចលុបចោល និងធ្វើមោឃភាពនេះ បានធ្វើឡើងតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីមាន លិខិតលេខ១៤៨៨ ដនស/អសដភ. ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលិខិតលេខ៣០៨ ខន/០១៩ សជណ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ របស់ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន។
ពាក់ព័ន្ធនឹងបញ្ហាដីនៅបឹងជើងឯកនេះ រាជរដ្ឋាភិបាលបានសម្រេចដូចខាងក្រោម៖
១៖ និរាករណ៍លិខិតលេខ១៩៨ សជណ.ផក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ លិខិតលេខ ៨០១
សជណ.ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ និងលិខិតលេខ ១១៤៧ សជណ.ឧស ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
២.មោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង ចំនួន
៥ ប័ណ្ណ គឺ ប័ណ្ណលេខភព ៦៨៥៧៨ ភព ៦៨៥៧៩ ភព ៦៨៥៨០ ភ ៦៨៥៨២ និងលេខភព ៦៨៥៨៣ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។